ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៥៤,៨២០,០០០លានរៀល (ហាសិបបួនលាន ប៉ែតសិបពីរមុឺនរៀល) បានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៩នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ។
លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា៖គ្រួសារដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ មាន:
១-ថវិកាឧបត្ថម្ភគោលនយោបាយចំនួន ០២ នាក់ សរុបថវិកាចំនួន ១៦,៨២០,០០០រៀល (ដប់ប្រាំមួយលានប៉ែតសិបពីរមុឺនរៀល)
២-ថវិកាសមាគមមិត្តនគរបាលជាតិចំនួន០៧នាក់ សរុបថវិកាចំនួន ៣៨,០០០,០០០រៀល (សាមសិបប្រាំបីលានរៀល)
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរបាល ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕