តៃវ៉ាន់ ៖ មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆីង-ទ័រ (Lai Ching-te) បាននិយាយបន្ទាប់ពីប្រទេសចិនបានគំរាមដាក់ទោសប្រហារជីវិតក្នុងករណីធ្ងន់ធ្ងរបំផុតសម្រាប់អ្នកបំបែកខ្លួនឯករាជ្យតៃវ៉ាន់ថា របបប្រជាធិបតេយ្យមិនមែនជាឧក្រិដ្ឋកម្មទេ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន គ្មានអាថ៌កំបាំងនៃការមិនពេញចិត្តរបស់ខ្លួនចំពោះមេដឹកនាំលោក ឡៃ ដែលចូលកាន់តំណែងកាលពីខែមុនទេ ដោយនិយាយថាបុគ្គលរូបនេះ គឺជាអ្នកបំបែកខ្លួន ហើយបានរៀបចំល្បែងសង្រ្គាមភ្លាមៗបន្ទាប់ពីការឡើងកាន់តំណែងរបស់រូបលោក។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសចិនបានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដោយដាក់ចេញគោលការណ៍ផ្លូវច្បាប់ថ្មីដើម្បីដាក់ទណ្ឌកម្មអ្នកដែលខ្លួននិយាយថាគាំទ្រឯករាជ្យភាពជាផ្លូវការរបស់កោះនេះ ទោះបីជាតុលាការចិនមិនមានយុត្តាធិការលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក៏ដោយ។
នៅពេលសួរអំពីសកម្មភាពរបស់ប្រទេសចិននៅក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យមេដឹកនាំក្នុងទីក្រុងតៃប៉ិ លោក ឡៃ បានរំលឹកឡើងវិញនូវការអាណិតអាសូរចំពោះប្រជាជនចិនក្នុងគ្រោះទឹកជំនន់នាពេលថ្មីៗនេះនៅភាគខាងត្បូង ប្រទេសចិន ៕