ខេត្តសៀមរាប៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពយើងខ្ញុំថា តាំងពី លោក ហួត សុធី ឡើងមកកាន់តំណែងជំនួសលោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប មិនបានប៉ុន្មានខែផង ល្បែងជល់មាន់ភ្នាល់ស៊ីសងដាក់ប្រាក់តាមទូរទស្សន៍អនឡាញ កាន់តែរីកដុះដាលដូចផ្សិត នៅតាមសង្កាត់និមួយៗ ធ្វើអោយប្រជាពលរដ្ឋមានការក្តីបារម្ភជាខ្លាំង ខណៈពុំទាន់ឃើញកម្លាំងសមត្ថកិច្ចក្រុងខេត្តសៀមរាបចុះបង្ក្រាបនៅឡើយ,,,តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៥ចំណុច ដែលប្រមុខថ្នាក់ដឹកនាំបានដាក់ចេញបានដាក់ចេញឱ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត។
ជាក់ស្តែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមសារព័ត៌មានជាច្រើនអង្គភាពបានចុះថតផ្តិតយករូបភាពទីតាំងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញ នៅតាមភូមិឃុំសង្កាត់និមួយៗឃើញបើកលេងយ៉ាងអនាធិតេយ្យ ដោយក្រុមអ្នកលេងល្បែង និងម្ចាស់បើកបនល្បែងទាំងនោះ ហាក់បីដូចមិនញញើតទៅនឹងច្បាប់ទាល់់តែសោះ សង្ស័យ ត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានអស់ហើយទេដឹង។
សូមបញ្ជាក់ផងដែរថាទីតាំងល្បែងភ្នាល់តាមទូរទស្សន៍អនឡាញមានចំនួន៤ភូមិសង្កាត់៖
ទី១.នៅសង្កាត់គោកចក ចំនួន ៥ កន្លែង។
ទី២.នៅសង្កាត់ស្លក្រាម ចំនួន ៣ កន្លែង។
ទី៣.នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ចំនួន ១ កន្លែង។
និងទី៤.នៅភូមិតាវៀន សង្កាត់សាលាកម្រើក ចំនួន២កន្លែង។
មហាជនក៏ដូចជាប្រជាពលរដ្ឋបានចោទជាសំនួរសួរថា តើមេក្លោងដែលហ៊ានបើកបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ មានឥទ្ធិពលខ្លាំងប៉ុណ្ណា? ទើបអាចពង្រីកទីតាំងរីកដុះដាលដូចផ្សិត ហើយដំណើរការទៅបានយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់ និងបង្ក្រាបយ៉ាងដូច្នេះ!។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក ហួត សុធី ស្នងការខេត្តសៀមរាប សូមមេត្តាចាត់កម្លាំងក្រោមឱវាទចុះបង្ការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងទូរទស្សន៍អនឡាញទាំងនេះផងចុះ ដើម្បីស្របទៅតាមយុទ្ធសាស្ត្រ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយរដ្ឋមន្ត្រីទាំងទ្វេ នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកនេះ សម្តេចទាំងទ្វេ បានមានប្រសាសន៍ក្តែងៗថា បើបុគ្គលណាផ្តល់ទីតាំងអោយបើកបនល្បែង ឬកត់កន្ទុយលេខ នៅតាមហាងកាហ្វេ ឬនៅតាមផ្ទះខុសច្បាប់ បុគ្គលនោះនិងប្រឈមចំពោះមុខច្បាប់ និងត្រូវបិទហាងនោះមិនអោយបើកអាជីវកម្មលក់ដូរបន្តទៀតបាននោះទេ ព្រោះល្បែងស៊ីសងខុសច្បាប់ទាំងនេះទុកក៏មិនចំណេញដកចេញក៏មិនខាតដែរ។
ជុំវិញនៃការចុះផ្សាយ អង្គភាពយើងខ្ញុំគ្រាន់តែ ជាកញ្ចក់ឆ្លុះបញ្ចាំងពីរឿងល្អ និងអាក្រក់ ក្នុងសង្គមតែប៉ុណ្ណោះ មិនមានចេតនាផ្សាយជាន់ពន្លិចអោយបុគ្គលណាម្នាក់រើសអើងឡើយ ហើយបើសារម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាការចុះផ្សាយមួយនេះមិនមានភាព សុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន សូមអរគុណសន្តិភាព៕