ខេត្តសៀមរាប៖ បាទបងប្អូនប្រិយមិត្តទស្សនិកជន សូមទៅទស្សនា រឿងរ៉ាវយ៉ាងក្តៅគគុក ពាក់ព័ន្ធទៅនឹងគ្រឿងចក្រលោក ជា ដែលបានចូលជីកកាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់២ កាលពីពេលកន្លងថ្មីៗនេះត្រូវបានផ្អាកសកម្មភាពឈូសឆាយបានមួយដង្ហើមចង្រិតប៉ុណ្ណោះ! បន្ទាប់ពីមានព័ត៌មានធ្វើការចុះផ្សាយរួចមក,,, ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងតំបន់២នោះផ្ទាល់ នៅតែឃើញថៅកែគ្រឿងចក្រឈ្មោះ ជា ធ្វើការឈូសឆាយកាយដីព្រៃលិចទឹកក្នុងតំបន់២ សារជាថ្មីឡើងវិញដ៏ដែល ដោយបុគ្គលរូបនេះហ៊ានផ្គើនទៅបទបញ្ជាយ៉ាងដាច់ណាត់ របស់សម្តេចនាយករដ្ឋមន្រ្តីទាំងទ្វេ តែម្តង។
សូមបញ្ជាក់ផងដែរថា៖ ដីព្រៃលិចទឹកនៅតំបន់២ ចំណុច(ទំនប់ត្រពាំងខ្សេវ) ដែលកំពុងរងការកាយទន្ទ្រានយ៉ាងអនាធិបតេយ្យ ពីបុគ្គលឈ្មោះ ជា គឺស្ថិតក្នុងភូមិដូនតី និងភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ទន្ទឹមនឹងនោះ បុគ្គលឈ្មោះ ជា បានបញ្ជាក់ប្រាប់មកក្រុមអ្នកយកព័ត៌មានយើងខ្ញុំតាមទូរស័ព្ទថាការឈូសឆាយព្រៃលិចទឹកនេះថា៖ ខ្ញុំមកឈូសឆាយទន្ទ្រាននេះគឺមានច្បាប់ និងលិខិតបញ្ជាក់ពីលោក វ៉ាន់ វុត មេឃុំដានរុន និងលោក គិម វណ្ណ: អភិបាលស្រុកសូត្រនិគម ត្រឹមត្រូវ ដែលមានទំហំដី ១៧៣ ហិកតា ។
ក្រុមការងារសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោក គិម វណ្ណ: អភិបាលស្រុកសូទ្រនិគម គោរពររាយការណ៍ជូនលោកក្នុងករណីគ្រឿងចក្រកំពុងធ្វើការឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់២ខាងលើ លោកបានប្រាប់ថានិងឲ្យអភិបាលរងស្រុកចាត់ការរឿងនេះ។ បន្ទាប់មក ក្រុមការងារព័ត៌មានយើងខ្ញុំបន្តទាក់ទងតាមទូរស័ព្ទទៅលោក តាន់ សុភ័ក្រ អភិបាលរងស្រុកសូទ្រនិគម លោកប្រាប់ថាមានច្បាប់ត្រឹមត្រូវបើចង់មើលឯកសារទៅជួបរដ្ឋបាលស្រុកចុះ នៅពេលសារព័ត៌យើងជួបនាយករដ្ឋបាលស្រុកដើម្បីសុំមើលឯកសារច្បាប់ការឈូសឆាយរបស់ថៅកែអេស្កាឈ្មោះ ជា បែជាលោកនាយករដ្ឋបាលស្រុករុញឲ្យទៅជួបនិងលោក វ៉ាន់ វុត មេឃុំដានរុន ទើបមានច្បាប់។
ដោយឡែក លោក វ៉ាន់ វុត មេឃុំដានរុន ធ្វើបទសម្ភាសជុំវិញករណីការឈូសឆាយដីព្រៃលិចទឹកទីតាំងខាងលើ ស្រាប់តែលោកមេឃុំអានអក្សរក្នុងទូរស័ព្ទរបស់លោកឲ្យអ្នកសារព័ត៌មានយើងស្តាប់ដោយពុំមានឯកសារក្រដាស់បញ្ជាក់ច្បាប់អ្វីទាល់តែសោះ!លោកមេឃុំបញ្ជាក់ថា ឯកសារច្បាប់អនុញ្ញាតក្នុងទូរស័ព្ទរបស់លោកគឺមិនអាចឲ្យថតចម្លងបានឡើយ។
ជុំវិញករណីឆ្លើយដាក់គ្នានេះ សង្ស័យថា លោក ជា ដែលថៅកែអេស្កាធ្វើការឈូសឆាយដីព្រៃលិចទឹកតំបន់២មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធតាំងពីថ្នាក់ឃុំរហូតដល់ស្រុកហើយមើលទៅ បានជាគ្មានលិខិតស្នាមអ្វីឡើយ។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ប្រធានមន្ទ្រីជំនាញពាក់ព័ន្ធក្នុងខេត្ដ ជាពិសេស សូមលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ល្មមបញ្ចេកកណ្ដាប់ដៃដែក ចាត់កម្លាំងគណៈបញ្ជាការឯកភាពខេត្តចម្រុះ ចុះធ្វើការស៊ើបអង្កេត ទៅលើជនខិលខូចមួយចំនួនតូចនេះ ដែលកំពុងប្រព្រឹត្តល្មើសទៅនឹងច្បាប់អោយបានស៊ីជម្រៅផងចុះ ដើម្បីធានាបាននូវការថែរក្សាការពារដីព្រៃលិចទឹកក្នុងតំបន់២ អោយនៅសភាពដើម និងដើម្បីជាគុណប្រយោជន៍រួមដល់សង្គមជាតិ ស្របទៅតាមយុទ្ធសាស្ត្រ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយរដ្ឋមន្ត្រីទាំងទ្វេ នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកនេះ សម្តេចទាំងទ្វេ បានចេញបទបញ្ជាយ៉ាងដាច់ណាត់មួយទៅដល់មន្ត្រីថ្នាក់ក្រោមជាតិ និងអោយអភិបាលខេត្តទាំង៥ ដែលនៅជំុវិញជាប់បឹងទន្លេសាប ត្រូវអនុវត្តដកហូតយកដីព្រៃលិចទឹកនៅក្នុងតំបន់២ និងតំបន់៣ មកធ្វើជាសម្បត្តិរដ្ឋអោយខានតែបាន បើបុគ្គលណាហ៊ានល្មើសការអនុវត្ត និងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕