ភ្នំពេញ ៖ ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ រស់នៅក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលឲ្យឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យបាន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាពផងដែរ។
យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងមានងារជាឧកញ៉ាផងដែរ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។
ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះទាំង២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវតែប៉ណ្ណោះ ។
បច្ចុប្បន្ន ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានសម្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕