សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាកំពុងតែចាកចេញពីប្រទេសអភិវឌ្ឍន៍តិច (LDC) នៅឆ្នាំ២០២៩ ដែលត្រូវបញ្ចប់រយៈពេល៥ឆ្នាំខាងមុខ ដើម្បីក្លាយជាប្រទេសដែលមា នសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់ពឹងអាស្រ័យលើខ្លួនឯង ដោយភាពធន់មាំ មិនខ្ចីដង្ហើមគេដក។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិត បរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៥៣៧នាក់ នៃសាកលវិទ្យាល័យ លីមកុកវីង នៅហ្រ្គេនម៉ល ប៉េង ហួត បឹងស្នោ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា យើងអត់ត្រូវការរស់ដោយសារការប្រណីរបស់គេទេ យើងត្រូវការរស់ដោយខ្លួនឯង ទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះត្រឹមតែ កម្ចីថោកពីគេ យើងមិនព្រមអភិវឌ្ឍន៍ខ្លួនឯងទេ យើងនឹងនៅតែពឹងគេមួយជីវិត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគួសបញ្ជាក់ថា« បើយើងពង្រឹងខ្លួនឯង ដាក់ទិសដៅឱ្យក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០ មិនត្រឹមតែចាកចេញពីប្រទេសដែលក្រីក្រ ប្រទេសដែលអភិវឌ្ឍន៍តិចនោះទេ ប៉ុន្តែក្លាយជាប្រទេសអ្នកមាន២០៥០ ដែលយើងហ៊ានប្រកួតផ្ទាល់ជាមួយគេ ដែលយើងដាក់ទិសដៅពង្រឹងខ្លួនឯង ចឹងការណ៍នេះគឺធានានូវឯករាជ្យភាពរបស់យើង ពាក្យថា យើងចង់ឯករាជ្យ ត្រួវតែធ្វើ បានន័យថា ត្រូវតែប្រឹងខ្លួនឯងរស់ខ្លួនឯង មិនត្រូវពឹងការអនុគ្រោះយោគយល់ដោយពីណាទេ ប្រកួតស្មើគ្នាជាមួយគ្រប់ប្រទេសទាំងអស់នេះជាអ្វីដែលត្រូវធ្វើ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា មានគេសួថា ហេតុអ្វីយើងចេញពីប្រទេសអភិវឌ្ឍន៍តិច (LDC) បើនៅនឹងស្រួល ? សម្រាប់កម្ពុជាត្រូវការពឹងនៅពេលយើងខ្សោយ គ្មានធនធាននិងភាពម្ចាស់ការលើខ្លួនដូចជាក្រោយបញ្ចប់សង្រ្គាមប៉ុណ្ណោះ ប៉ុន្តែពេលមានធនធានហើយ យើងត្រូវតែពង្រឹងខ្លួនឯងឱ្យបានកាន់តែប្រសើរ៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី