ខេត្តបន្ទាយមានជ័យ ៖ តាមរយៈឆានែលតេលេក្រាម ផ្លូវការរបស់រដ្ឋាភិបាលក្រុងប៉ោយប៉ែត នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ដូចខាងក្រោម: សេចក្តីបំភ្លឺព័ត៌មាន
រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដល់សាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ថា៖ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា៖ មានការប្រកាសលក់ដីស្រះទឹក ជាដីបម្រុងរបស់ រដ្ឋទំហំជិត ៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ដោយលក់ក្នុងតម្លៃ ១ម៉ែត្រក្រឡា ២០០ដុល្លា ។
ពាក់ព័ន្ធនឹងព័ត៌មានចុះផ្សាយខាងលើខាងលើនេះ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនថា៖ ក្នុងអំឡុងឆ្នាំ១៩៩១ និងឆ្នាំ១៩៩២ គណៈកម្មការរៀបចំអភិវឌ្ឍន៍តំបន់ប៉ោយប៉ែត បានធ្វើការរៀបចំ អភិវឌ្ឍតំបន់ប៉ោយប៉ែតជាលំនៅឋាន ចំណតរថយន្ត ផ្សារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ.. ដោយមានការ បែងចែកជាក្រុមទទួលខុសត្រូវតាមផ្នែកនីមួយៗ ។ លោក ផាន់ សាមន្ថា ត្រូវបានគណៈកម្មការចាត់តាំង ជាប្រធានផ្នែកសំណង់សាធារណៈ និងកែលម្អទីប្រជុំជនប៉ោយប៉ែត ដោយសារលោកមានគ្រឿងចក្រ និង រថយន្តដឹកដី ពេលនោះលោកក៏បានមកកាយយកអាចម៌ដីនៅទីតាំងស្រះទឹកខាងលើនេះដើម្បីយកទៅ ចាក់ធ្វើផ្លូវ ចំណតរថយន្ត ផ្សារ និងទីតាំងផ្សេងៗទៀត ដែលកាលនោះទីតាំងស្រះទឹកនេះជាតំបន់ព្រៃ ហើយក៏ពុំទាន់ជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ឡើយ។ ក្រោយពីជីកយកអាចម៌ដីរួចរាល់ហើយស្រះទឹក នេះក៏គ្មានបុគ្គលណាចូលមកកាន់កាប់ ឬអះអាងថាជាកម្មសិទ្ធរបស់ខ្លួនដែរ ។ លុះដល់ឆ្នាំ១៩៩៩ លោក ផាន់ សាមន្ថា បានដាក់ពាក្យបណ្តឹងទៅខេត្តដើម្បីស្នើសុំដោះស្រាយដីឡូតិ៍ចាប់ពីលេខ២៤៨ ដល់ ២៨៨ និងជម្រៅ ៨០០ម៉ែត្រ និងនៅឆ្នាំ២០២១ លោក ផាន់ សាមន្ថា បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅ ខេត្តដើម្បីឱ្យរដ្ឋបាលក្រុងធ្វើការចុះបញ្ជីដីស្រះទឹក៥០ ទំហំ៣២,២០២ម៉ែត្រក្រឡា ស្ថិតក្នុងភូមិគីឡូ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាកម្មសិទ្ធិ ។
រដ្ឋបាលក្រុងសូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ ដីស្រះទឹក៥០ ពុំទាន់បានចុះបញ្ជីជូន បុគ្គលណាម្នាក់នៅឡើយទេ ចំពោះព័ត៌មានដែលបានចុះផ្សាយថាមានការលក់ដូរដីស្រះទឹក៥០ ក្នុង តម្លៃ ១ម៉ែត្រក្រឡា ២០០ដុល្លានោះ រដ្ឋបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ពុំបានដឹង និងពុំមានការពាក់ព័ន្ធឡើយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាប ។
ថ្ងៃព្រហស្បតិ៍ ១.រោជ ខែតិបាន ឆ្នាំរោង ឆ ស័ក ព.ស២៥៦៨
ប៉ោយប៉ែត ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤
បន្ទាប់ពីបានឃើញ សេចក្តីបំភ្លឺព័ត៌មាន អ្នកសារព័ត៌មាន ក៏ដូចជាមហាជន ពិតជាសប្បាយរីករាយ នូវការយកចិត្តទុកដាក់រក្សាសម្បត្តិរដ្ឋ ទុកជាប្រយោជន៍សាធារណៈ ដោយទប់ស្កាត់ជនខិលខូចដែលរំលោភបំពាន កេងបន្លំ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន នឹងថ្លែងអំណរគុណអាជ្ញាធរក្រុងប៉ោយប៉ែត។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕