អាហារដ្ឋានចំការននោង ត្រូវបានផ្អាកដំណេីរការអាជីវកម្មជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ !!!
ចេញផ្សាយ៖ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១
ខេត្តកណ្ដាល៖ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបទៅម្ចាស់គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអបសារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ “ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហាងនៅភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានឈ្មោះយីហោថា ចំការននោង គឺពួកគាត់រំខានរហូត គេប្រាប់ម៉េចក៏មិនចេះស្ដាប់ កន្លែងណាមានរឿងគឺគាត់ដាក់កន្លែងនឹង កន្លែងណាប្រជាជនមិនចូលចិត្តគាត់ធ្វេី មេប៉ុស្ដិ៍បញ្ជានៅតែអញ្ចឹង ច្រៀងឡូឡាតាំងពីថ្ងៃ មកដល់ស្មានេះ រកស្ដាប់អីមិនបាន មេីលទូរទស្សន៍ក៏ពិបាក បេីសិនជាកន្លែងនេះនៅជិតផ្ទះរបស់អ្នកវិញ តេីអ្នកមានអារម្មណ៍បែបណា? “។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេី ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំបាត ចុះស្រាវជ្រាវទីតាំងខាងលេីនោះភ្លាម។
ជាលទ្ធផល៖
នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅពេលកម្លាំងចុះមកដល់ទីតាំងហាងខាងលើ ពុំមានភ្ញៀវជួបជុំផឹកស៊ីទេ បន្ទាប់មកកម្លាំងផ្នែកជំនាញក៏បានអាន និងបិទសេចក្តីសម្រេចលេខៈ១៦៩ស.ស.រ របស់រដ្ឋបាលខេត្តកណ្តាល ស្ដីពីការបន្តអនុវត្តវិធានការរដ្ឋបាលដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល សម្រាប់រយៈពេល១៤(ដប់បួន)ថ្ងៃ បន្តទៀត ចាប់ពីថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ព្រមទាំងបានណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ហាង យីហោ អាហារដ្ឋានចំការននោង ឈ្មោះ ហៀក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជួលដីគេធ្វើកញ្ចុះធ្វើអាជីវកម្ម ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងបានណែនាំអោយម្ចាស់ហាងខាងលើ ផ្អាកដំណេីរការអាជីវកម្មជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។
អាស្រ័យហេតុនេះសូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយកគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.