ថ្ងៃ២០ឧសភា ជាទិវានៃការចងចាំ ចំពោះអំពើកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ពីសំណាក់មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ដែលមុននេះ ជាទិវាចងកំហឹងចំពោះរបបប្រល័យពូជសាស្ត្រប៉ុលពត។
តើសាលាក្តីខ្មែរក្រហមកន្លងមកនេះ បានកាត់សេចក្តីចំពោះមេដឹកនាំប្រទេសរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃបានលទ្ធផលយ៉ាងណាខ្លះ?
ចាប់តាំងពីឆ្នាំ២០០៦ មកសាលាក្តីខ្មែរក្រហមដែលជាសាលាក្តី ចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ បានចាប់ផ្តើមដំណើរការសវនាការកាត់ទោសអតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរជិត២លាននាក់ រួមមាន៤សំណុំរឿង គឺសំណុំរឿង ០០១ សំណុំរឿង ០០២ សំណុំរឿង ០០៣ និងសំណុំរឿង០០៤។
ជាលទ្ធផលនៅក្នុងការកាត់ក្តីក្នុងសំណុំរឿង០០១ សាលាក្តីនេះ បានកាត់ អោយ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាប់ទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
ចំពោះសំណុំរឿង០០២ សាលាក្តីនេះ បានបើកសវនាការជំនុំជំរៈក្តី អៀង សារី និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ ប៉ុន្តែដំណើរការ នីតិវិធីប្រឆាំងនឹង អៀង សារី ត្រូវបានបញ្ចប់នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ ដោយគាត់បានស្លាប់។
ដោយឡែក អៀង ធីរិទ្ធ ត្រូវបានបញ្ជូនទៅជំនុំជម្រះ ប៉ុន្តែ ក្រោយមកត្រូវបានរកឃើញ ថាពុំមាន សម្បទាអាចចូលរួមក្នុងការជំនុំជម្រះបានទេ ដោយសារតែជំងឺ វង្វេងស្មារតី។
ហើយចំពោះ ខៀវ សំផន ត្រូវបានសាលាដំបូងនៃតុលាការខ្មែរក្រហមដែលបានផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិតក្រោមបទចោទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ខណៈខ្លួននៅកាន់អំណាច។
ការប្រកាសសាលដីកា ក្នុងសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន កាលពីថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ ជាសាលដីកាចុងក្រោយ បិទផ្លូវតវ៉ា ហើយឈានទៅបញ្ចប់ ដំណើរការកាត់ក្តីលើសំណុំរឿងខ្មែរក្រហមបន្ទាប់ពី សំណុំរឿង ០០៣ និង ០០៤ត្រូវ រំសាយ ពោលគឺសាលាក្តីខ្មែរក្រហម បានបិទបញ្ចប់ដំណើរការរបស់ខ្លួនដែលបានប្រព្រឹត្តទៅអស់ រយៈពេលជាង ១៦ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ឆ្នាំ២០២៤នេះ ក្នុងចំណោមសំណុំរឿងសំខាន់ៗចំនួន២នៃសាលាក្តីខ្មែរក្រហម គឺ០០១ និង ០០២ មានតែជនជាប់ចោទលោក ខៀវ សំផន អតីតប្រមុខរដ្ឋ នៃរបបកម្ពុជា ប្រជាធិបតេយ្យតែម្នាក់គត់ដែលនៅមានជីវិតក្នុងវ័យ ៩១ឆ្នាំ។ ក្រៅពីនេះមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតបានបាត់បង់ជីវិតអស់ហើយ អំឡុងពេលនៃសវនាការរយៈពេល១៦ឆ្នាំមកនេះ ដូចជា ឌុច ប្រធានមន្ទីរសន្តិសុខស២១ ឬហៅថាគុកទួលស្លែងស្លាប់ថ្ងៃ២កញ្ញាឆ្នាំ ២០២០។
នួនជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា ស្លាប់នៅថ្ងៃទី៤សីហាឆ្នាំ ២០១៩ ក្នុងវ័យ៩៣ឆ្នាំ។
ខៀវសំផន អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លាប់ថ្ងៃ ១៤មីនា២០១៩ ។
អៀងធីរិទ្ធ ស្លាប់ក្នុងវ័យ៨៣ឆ្នាំ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១១ ជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។
សូមរំលឹកថា ដំណើរការការងាររបស់ខ្លួនរយៈពេល១ទសវត្សរ៍កន្លះមកនេះ សាលាក្តីខ្មែរក្រហមបានចាយថវិកាសរុបប្រមាណ ៣៣៨លានដុល្លារ ក្នុងនោះចំណាយទៅលើភាគីជាតិចំនួន ៩៩លានដុល្លារ និងភាគីអន្តរជាតិចំនួន ២៣៩លានដុល្លារ។
ម្ចាស់ជំនួយសំខាន់ជាងគេ ដែលផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមគឺមានប្រទេស ជប៉ុន ចំនួនជាង ៨៨លានដុល្លារ ស្មើរ ៣១% និងរដ្ឋាភិបាលកម្ពុជាចំនួន ៤៥,៥លានដុល្លារ ស្មើរ១៤%។
ការបង្កើតសាលាក្តី ខ្មែរក្រហម គឺដើម្បីស្វែងរកការពិត និងយុត្តិធម៌មិនមែនបង្កើតឡើង ដើម្បីសងសឹកនោះឡើយ និងថា នេះជាគោលការណ៍បង្រួបបង្រួមជាតិ ដើម្បីសុខសន្តិភាព ។
ក្នុងគោលបំណងនៃការជំនុំជម្រះក្តីនេះ គឺដើម្បី ការចងចាំដល់ជនរងគ្រោះទាំងអស់ ដើម្បីជួយព្យាបាលផ្លូវចិត្ត ដើម្បីជួយពង្រឹងនីតិរដ្ឋ នៅក្នុង ប្រទេសកម្ពុជា និងដើម្បីធានាកុំឱ្យមានសោកនាដកម្មបែបនេះកើតឡើងសាជាថ្មីនៅលើ ទឹកដី កម្ពុជា ឬនៅទីណាៗទាំងអស់ នៅក្នុងពិភពលោកនេះ។
ថ្វីត្បិតសាលាក្តីខ្មែរក្រហមជាសាលាក្តីកូនកាត់ដែលមន្ត្រីកម្ពុជាធ្វើការរួមជាមួយនឹងមន្ត្រីបរទេសក្តី ប៉ុន្តែនេះគឺជាគំនិតផ្តួចផ្ដើមនិងជាពលិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕