ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ កងកម្លាំងយោធភូមិភាគទី៥ ចំនួន២៧៥នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ចុះបំពេញប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កាប ការទន្រ្ទានដីព្រៃឈើធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ,សេចក្តីជូនដំណឹង លេខ១៣៦១ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ,បទបញ្ជារបស់ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លេខ០១៣/ប.ជ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និងស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការជើងគោក។
ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ប្រតិបត្តិការនេះ និងប្រើប្រាស់កម្លាំងសរុបចំនួន ១០០០នាក់(មួយពាន់នាក់) ចុះប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កាប ការទន្រ្ទានដីព្រៃឈើធម្មជាតិ យកដីរដ្ឋ មកធ្វើជាកម្មសិទ្ធ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន ៤ មានខេត្តពោធិ៍សាត់ ,បាត់ដំបង ,ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានបង្កឲ្យខូចខាត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ តំបន់អភិរក្សព្រៃឈើធម្មជាតិ របស់រដ្ឋ ។
ប្រតិបត្តិការនេះ គឺការពារ ទប់ស្កាត់ បង្រ្កាប ឲ្យបានដាច់ខាត គ្មានការលើកលែង ដោយធ្វើការស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាច់ចំពោះជនទុច្ចរិត ប្រើឧបាយកលបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិ និងតំបន់អភិរក្ស ៕