ខេត្តបន្ទាយមានជ័យ ៖ តាមរយៈផេកផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសច្រានចោល ការចុះផ្សាយតាមបណ្តាញគេហទំព័រសារ ព័ត៌មាន” The Cambodia Daily Khmer មានចំណងជើងថា លោក ហ៊ុន ម៉ាណែត ទទួលបានកាដូជាដី ៤០០ហិកតា ពីលោក ហេង សួរ នៅក្នុងខេត្តបន្ទាយមានជ័យ” ជាការចុះផ្សាយមិនពិត ដូចខាងក្រោម៖
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជន និងអ្នកសាព័ត៌មានទាំងអស់ ឲ្យបានជ្រាបថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មានការចុះផ្សាយតាមបណ្តាញគេហទំព័រសារ ព័ត៌មាន The Cambodia Daily Khmer មានចំណងជើងថា រលាក ហ៊ុន ម៉ាណែត ទទួលបានកាដូជាដី ៤០០ហិកតា ពីលោក ហេង សួរ នៅក្នុងខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនឹងព័ត៌មានចុះផ្សាយខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា ពុំមានករណីដូចខាងការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer នោះទេ។ ការចុះផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មូលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និង
គ្មានការទទួលខុសត្រូវ។ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំង សកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខរាជដ្ឋាភិបាលកម្ពុជា ដើម្បី លាភសក្ការៈរបស់ខ្លួនតែប៉ុណ្ណោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាប ជាព័ត៌មាន និងកុំចែកចាយបន្តចំពោះអត្ថបទព័ត៌មានដែលគ្មានការពិតនិងគ្មានវិជ្ជាជីវៈខាងលើនេះ ៕