បញ្ជូនជនសង្ស័យចំនួន០៦នាក់ពាក់ព័ន្ធករណីនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ !!!
ចេញផ្សាយ៖ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១
បន្ទាយមានជ័យ៖ជនសង្ស័យចំនួន០៦នាក់ឃាត់ខ្លួន០២ករណីដោយឡែកពីគ្នា ជាប់ពាក់ព័ន្ធករណីនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិ៩តិវិធី នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ១/-ផុន សុហុង ភេទប្រុសអាយុ២៥ឆ្នាំ,២/-ប្រាក់ វណ្ណៈ ភេទប្រុសអាយុ៣៦ឆ្នាំ,៣/- វេត សារុំ ភេទប្រុសអាយុ២៦ឆ្នាំ,៤/-កែវ សិរី ភេទប្រុសអាយុ៣១ឆ្នាំ,៥/- លី ប៊ុនថន ភេទប្រុសអាយុ ៣៦ឆ្នាំ ទាំង០៥នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិង ,៦/-ម៉ឺន រុន ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ ។
លោកអធិការបានបញ្ជាក់ថា៖ទាំង០៦ នាក់ ក្នុងនោះ០៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និង០១នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនប្រគល់នគរបាលការពារព្រំដែនគោកលេខ៩១១ រួចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជូនជនសង្ស័យទាំង០៦នាក់ឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុងករណីនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ផងដែរថា៖ជនសង្ស័យទាំង០៦នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ៕