ខេមបន្ទាយមានជ័យ៖ ច្រករបៀងមួយកន្លែង(ច្រកព្រៃចាន់តំបន់៥)កាន់កាប់ដោយយោធាវរសេនាតូចថ្មើរជើង លេខ៥០៣ ក្រោមការដឹកនាំរបស់វរៈសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរង បានបើកដៃឃុបឃិតជាមួយឈ្មួញនាំទំនិញចេញចូលដោយខុសច្បាប់ទាំងយប់កណ្ដាលអាធ្រាត ចំណុចច្រករបៀងព្រៃចាន់ ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមរយៈឃ្លីបវីដេអូរថតបានជាក់ស្ដែងនៅយប់រំលងអាធ្រាតនៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាប្រម៉ាណម៉ោង១១អាធ្រាត ក្រុមការងារសារព័ត៌មានបានចុះផ្ដិតយករូបភាពនិងវីដេអូជាក់ស្ដែង បានឃើញទំនិញគេចពន្ធដឹកតាមរថយន្តសាំយ៉ុងកែច្
នៃទ្រុង ដឹកចេញពីច្រកព្រៃចាន់ ឆ្ពោះទៅផ្លូវជាតិលេខ៥៨ និងបានឆ្លងកាត់ទីតាំងគយចល័តប្រចាំការឈរជើងនៅច្រកព្រៃចាន់នោះផងដែរ ឃើញរថយន្តនោះហើយ មិនមានការត្រួតពិនិត្យឡើយ នេះសបញ្ជាក់ឲ្យឃើញថាទាំងមន្ត្រីយោធាការពារព្រំដែន ទាំងមន្ត្រីគយចល័ត ដែលឈរជើង រួមទាំងឈ្មួញពិតជាឃុបឃិតគ្នាជាប្រព័ន្ធពិតមែន។
គួរំលឹកផងដែរថា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា តាមរយៈលិខិតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជទៅអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែលមានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំក្រើនរំលឹកជាថ្មីដល់ខេត្តជាប់ព្រំដែនទាំងអស់ ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញ ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់បានកត់សម្គាល់ឃើញថា នៅតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ មានភាពខ្វះចន្លោះនិងភាពមិនប្រក្រតីមួយចំនួនកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួន និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន ដែលកត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។
ប៉ុន្តែច្រករបៀងតំបន់៥វរសេតូចថ្មើជើង៥០៣ ក្រោមការដឹកនាំរបស់វរៈសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរង បានបើកដៃឃុបឃិតជាមួយឈ្មួញនាំទំនិញចេញចូលដោយខុសច្បាប់លួចបើកនិងឃុបឃិតគ្នាជាមួយឈ្មួញនាំទំនិញកិច្ចពន្ធចេញចូលជាហូរហែរទាំងយប់ទាំងថ្ងៃ ធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕