ភ្ញៀវទេសចរប្រមាណជាងមួយលាននាក់ បានដើរលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីនៅខេត្តសៀមរាប !!!

ខេត្តសៀមរាប ៖ រយៈពេល០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប មានភ្ញៀវទេសចរយ៉ាងច្រើនមកពីគ្រប់មជ្ឈដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ និងកម្សាន្តសប្បាយក្នុង ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ។

ការប្រារព្ធប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ដូនតា និងបង្កើនភាពសប្បាយរីករាយរបស់បងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបានសិក្សាស្វែងយល់ អំពីការបង្ហាញនូវវប្បធម៌ប្រពៃណី និង ល្បែងប្រជាប្រិយខ្មែរផងនោះ ធ្វើឱ្យទេសចរយ៉ាងច្រើនកុះករបានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប ក្នុងឱកាសព្រឹត្តិការណ៍សង្រ្កាន្ត។ ជាក់ស្តែងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹងថា ក្នុងរយៈពេល០៤ថ្ងៃ កន្លងមកនេះ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ មេសា ឆ្នាំ២០២៤ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួប្រមាណ ១,២៣៩,៨០៨នាក់ ដែលបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅទស្សនាតំបន់ប្រាសាទ រមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀតផងនៅក្នុងក្រុងសៀមរាប ។

អ្នកស្រី ស្រីទូច អាយុ៤០ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកស្នួល ខេត្តក្រចេះ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាខណៈពេលដើរកម្សាន្តមើលការលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងក្រុងសៀមរាបថា នេះជាលើកទីមួយហើយដែលអ្នកស្រីបានចូលមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០២៤។ អ្នកស្រីថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តបានរៀបចំកម្មវិធីកម្សាន្តជាច្រើន ជាពិសេសល្បែងប្រជាប្រិយខ្មែរ ដែលអ្នកស្រីស្ទើរតែភ្លេច និងមិនធ្លាប់បានឃើញការលេងជួបជុំសប្បាយរីករាយបែប នេះនៅទីណាពីមុនមកឡើយ។

ចំណែកលោកចាន់ ដារ៉ា អាយុ១៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានឱ្យដឹងថា សង្រ្កាន្តសៀមរាបពិតជាបានផ្តល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត ព្រោះថាភ្ញៀវទេសចរយ៉ាងច្រើនកុះករបានដើរកម្សាន្តនៅតាមទីកន្លែងដែលអាជ្ញាធរបានរៀបចំ ជាពិសេសកន្លែងលេងទឹក និងកន្លែងលេងល្បែងប្រជាប្រិយខ្មែរដែលបានបង្ហាញអំពីសាមគ្គីភាព រវាងប្រជាពលរដ្ឋកម្ពុជា និងផ្តល់ឱកាសឱ្យទេសចរបរទេសចូលរួមលេងដើម្បីឈ្វេងយល់អំពីប្រពៃណីនិងវប្បធម៌ខ្មែរ។

សប្បាយណាស់បងអើយ ឡើងរំភើប សប្បាយណាស់៤ថ្ងៃជាប់គ្នាសប្បាយមែនទែន ទីមួយល្បែងប្រជាប្រិយនៅខាងឆ្វេង វានៅក្បែរកន្លែងបាញ់ទឹកតែម្តង អ៊ីចឹងអ្នកគាត់ចង់លេងល្បែងប្រជាប្រិយគាត់អាចទៅដោយស្រួល ឬគាត់ចង់បកមកលេងទឹកវិញគាត់ដើរតែបន្តិចមកដល់តែម្តង។

សូមបញ្ជាក់ដែរថា ក្នុងថ្ងៃទី១និងទី២ ភ្ញៀវដែលចូលមកទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍សៀមរាប សង្ក្រាន្ត មានចំនួន ប្រមាណ ៤៦៣ពាន់៥៤០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨ពាន់នាក់ ។ នៅថ្ងៃទី១៦ មេសា ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ២៨៣ពាន់៨១៧ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៣ពាន់៨១៧ នាក់ ,បងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២៨០ពាន់នាក់បានដើរលេងកម្សាន្ត៕ដោយ៖ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ផ្សាយដោយ៖ ធូ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *