ជប៉ុន ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចំណាន ប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ប្រចាំតំបន់អ៉ិបារ៉ាគិ ប្រទេសជប៉ុន និងក្រុមការងារ បានរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តខ្មែរ ២០២៤” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅខេត្ត Ibaraki ប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាសហគមន៍ខ្មែរ និស្សិត សិក្ខាកាម និងពលករជំនាញដែលកំពុងតែស្នាក់នៅ សិក្សា និងធ្វើការងារនៅប្រទេសជប៉ុន ប្រមាណជាង ៤ពាន់នាក់។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍ “សង្ក្រាន្តខ្មែរ ២០២៤” នៅខេត្ត Ibaraki ប្រទេសជប៉ុន នាឱកាសនោះស្ថិតក្រោមអធិបតីភាពឯកឧត្តម ទុយ រី អគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមពីលោក តាំង ផេងរិទ្ធី ប្រធានក្រុមការងារ ESEA លោក KOBAYASHI SAKAE អភិបាលក្រុង Yuki លោក MICHIHIKO SUGIYAMA អភិបាលរង Yuki ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ជូនដែរថា ព្រឹត្តិការណ៍ “សង្ក្រាន្តខ្មែរ ២០២៤” នៅខេត្ត Ibaraki ប្រទេសជប៉ុន ដែលរៀបចំឡើងដោយឯកឧត្តម សុខ ចំណាន និងក្រុមការងារ បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងមានការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕