ខេត្តតាកែវ ÷ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ — សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ខណៈរាជរដ្ឋាភិបាលលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែមទៀត។
ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងពេលលំបាកនេះ រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងរៀបចំគោលនយោបាយ ដែលមានគោលដៅធំសម្រាប់ប្រជាពលរដ្ឋជាអតិថិជន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគអចលនទ្រព្យបន្ថែមទៀត ដើម្បីបង្កើតលំនៅឋានកាន់តែទំនើប តម្លៃកាន់តែសមរម្យ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា«សូមទុកចិត្តចុះ យើងមិនបានដេកអេះពោះអត់បានធ្វើអីនោះទេ ហើយសុំបន្តសហការដើម្បីធ្វើការងារនេះទៀត ប៉ុន្តែអ្វីដែលខ្ញុំនិយាយពាក់ព័ន្ធនេះ ធ្វើទាំងអស់នេះ គឺដើម្បីលើកទឹកចិត្តវិស័យឯកជនក្នុងការផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋយើង ដែលបែកផ្ទះ មានកូន មានចៅ អត់អាចនៅតែផ្ទះដី១ហិចតាហ្នឹង គាត់មានការងារប្រាក់បៀវត្សរ៍បានកើនឡើងជាបន្តបន្ទាប់ គាត់អាចទិញបង់រំលោះផ្សេងៗដោយប្រុងប្រយ័ត្ន ហើយមានបញ្ហាយើងដោះឥឡូវនេះ ទៅមុខទៀតនឹងបង្កលក្ខណៈងាយស្រួល។ នេះហើយការធ្វើឱ្យប្រជាជនយើងពីជីវភាពក្រីក្រទៅជាជីវភាពមធ្យមធ្វើយ៉ាងណាឱ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋរបស់យើង»៕ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី