ភ្នំពេញ ÷ ក្នុងឱកាសអនុញ្ញាតអោយ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ចូលជួបសំដែងការគួរសមនៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគួសបញ្ជាក់ថា ដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការងារមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ជាអទិភាពក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសនៅក្នុងអាណត្តិទី៧ នេះ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសរំលេចថា សម្រាប់ក្រសួងព័ត៌មាន មានការពាក់ពន្ធ័ចំនួន ៣ រួមមានលើកិច្ចការងារ កំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ឯកឧត្តម បានបន្តថា សម្រាប់អាណត្តិទី ៧ នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ថា នៅឆ្នាំ២០២៤ គឺឆ្នាំដែលត្រូវចាប់ហ្វាំង មានន័យថា ក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យវាយតំលៃទៅលើអ្វីដែលក្រសួង ស្ថាប័ន របស់ខ្លួនមាន ហើយរៀបចំនូវផែនការអោយបានច្បាស់លាស់ មុនបន្តដំណើរទៅមុខទៀត ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានផ្តោតលើការងារជាអាទិភាពសំខាន់ៗចំនួន ៦ចំណុច
ទី១ ពាក់ពន្ធ័មុខងារសាធារណៈ ទី២ ការអប់រំ ទី៣ សុខាភិបាល ទី៤ កសិកម្ម ទី៥ ពាក់ព័ន្ធការងារ ទី៦ ពាក់ព័ន្ធប្រព័ន្ធយុត្តិធម៌
ដូច្នេះ មុខងារសាធារណៈ គឺជាអាទិភាព ១ ស្ថិតក្នុងដំណើរនៃការកែទម្រង់ ទៅលើស្ថាប័ន ហើយការគ្រប់គ្រងស្ថាប័នមួយគឺត្រូវផ្តោតសំខាន់ទៅលើ ៣ ចំណុច, ទី១ ផ្តោតលើភាពជាអ្នកដឹកនាំ មានន័យថា តាំងពីថ្នាក់កំពូល រហូតដល់ថ្នាក់ក្រោម គឺចាំបាច់ត្រូវមានភាពជាអ្នកដឹកនាំ។ ទី ២ គឺរចនាសម្ព័ន្ធការងារច្បាស់លាស់ មានន័យថាយើងស្គាល់តូនាទី និងការបែងចែកតូនាទី ភារកិច្ចបានច្បាស់លាស់, ទី៣ គឺធនធានមនុស្ស ដែលចំណុចទាំង ៣ នេះ នាំទៅរកការដឹកនាំស្ថាប័នបានរឹងមាំ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណុចសំខាន់ៗរបស់ក្រសួងព័ត៌មាន ត្រូវធ្វើជាបន្តបន្ទាប់គឺផ្តោតទៅលើគឺការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សអោយបានរឹងមាំ ដោយត្រូវប្រមូលផ្ដុំមន្រ្តីធ្វើការងារ រៀបចំធនធានមនុស្សឡើងវិញអោយមានគុណភាព និងសមត្ថភាព ដើម្បីបំពេញកិច្ចការងារអោយមានប្រសិទ្ធិភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានជម្រុញលើកទឹកចិត្ត ដល់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ត្រូវបន្តអនុវត្តន៍នូវកិច្ចការងារស្នូលសំខាន់ៗនៅក្នុងផែនការយុទ្ធសាស្រ្ត និងគន្លឹះនៃរដ្ឋបាលសាធារណៈ ដោយផ្តោតលើការពង្រឹងគុណភាព ប្រសិទ្ធិភាព និងសមិទ្ធិកម្ម របស់មន្រ្តី និងស្ថាប័ន តាមរយៈវិធានការជាក់ស្តែង រួមមាន, ការដាក់អោយអនុវត្តន៍ប្រព័ន្ធជ្រើសរើសមន្រ្តីអោយចូលបំពេញកិច្ចការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិញ្ញាប័ណ្ណ និងប្រសិទ្ធភាព, ការពង្រឹងសមត្ថភាព និងសមិទ្ធិកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធិភាព និងសក្តិសិទ្ធភាព, ការដាក់អោយអនុវត្តន៍ ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធិកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធិភាព ហើយអ្វីសំខាន់គឺ រួមចិត្ត រួមគំនិត រួមសកម្មភាព ។
ឯកឧត្តម រស់ ថាន់សន បានជម្រាបជូនពីលទ្ធផលការងារដែល ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ ហើយក៏បានបញ្ជាក់ពី ទស្សនាទាននៃការកែទម្រង់រដ្ឋបាលសាធារណៈដែលត្រូវអនុវត្តន៍ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ និងក្រមសីលធម៌វិជ្ជាជីវៈការងារ ដើម្បីត្រៀមលក្ខណៈចូលរួមចំណែកអនុវត្តកម្មវិធីជាតិ កែទម្រង់រដ្ឋបាលសាធារណៈ លើការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មរបស់ក្រសួងព័ត៌មាន គឺការដាក់ឱ្យពិនិត្យមើលឡើងវិញនូវមុខងារ និងលិខិតបទដ្ឋានគតិយុត្តិនានា កម្មវិធីការងារ ផែនការ សកម្មភាព ផែនការបុគ្គលិក ថវិកាតាមកម្មវិធី ដែលបាននិងកំពុងអនុវត្ត និងដើម្បីធ្វើឱ្យមានសង្គតិភាពនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ការរៀបចំ និងការដាក់ឱ្យអនុវត្តឧបករណ៍ការងារគតិយុត្ត លើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងផ្តល់ដំណោះស្រាយយុត្តិធម៌ ឬសមធម៌ ចំពោះវិវាទ ឬការតវ៉ានានាពាក់ព័ន្ធនឹងដែនសមត្ថកិច្ចក្នុងក្របខណ្ឌរបស់ក្រសួងព័ត៌មានដែលជាកិច្ចការអាទិភាព៕ ផ្សាយដោយ៖ កន ចំណាន, អត្ថបទ៖ ទទក