សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរស្នាដៃអ្នកខេត្តពោធិ៍សាត់ ដែលបានកសាងព្រះបទុមចេតិយនិងសមិទ្ធផលនានាក្នុងវត្តមណីរតនារាម បង្ហាញពីភាពម្ចាស់ការខ្លួនឯង ស្របតាមគោលបំណងដែលរាជរដ្ឋាភិបាលចង់បាន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “ បុណ្យឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម” នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ មីនា ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា សមត្ថភាពប្រជាពលរដ្ឋអ្នកខេត្តពោធិ៍សាត់បានចូលរួមគ្រប់ផ្នែកនៃសង្គមជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«សូមកោតសរសើរ សួរព្រះចៅអធិការឃើញទឹកដៃល្អគឺធ្វើដោយអ្នកពោធិ៍សាត់ទាំងអស់ ទាំងសំណង់ ទាំងចម្លាក់នៅខាងក្នុង សូមកោតសរសើរស្នាដៃល្អនេះ ហើយគឺសមត្ថភាពដែលយើងចង់បានម្ចាស់ការខ្លួនឯង ប្រទេសកម្ពុជាយើងចង់បានភាពម្ចាស់ការលើខ្លួនឯងផលិតផលច្រើនដោយកូនខ្មែរ ខេត្តពោធិ៍សាត់ក៏ដាក់ទិសដៅដូចគ្នាដើម្បីធ្វើការជាច្រើនដែលអាចធ្វើទៅបានរួមទាំងសំណង់គំនូរផ្សេងៗ តម្រូវការដោយកូនចៅអ្នកពោធិ៍សាត់ បច្ចុប្បន្ននិងទៅអនាគត នេះគឺជាអ្វីដែលយើងត្រូវខិតខំ ដើម្បីពង្រឹងសមិទ្ធផល»។
វត្តមណីរតនារាម មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានចម្ងាយប្រមាណ ៤០០ម៉ែតពីផ្លូវជាតិលេខ៥ មានផ្ទៃដី ទំហំប្រាំបីហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពីដំបូង ទីវត្តនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនា មណីរត្នដែលកាលមុនជា មជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកណ្ដៀង ខេត្តពោធិ៍សាត់៕ ផ្សាយដោយ៖ កន ចំណាន ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី