ក្រុងប៉ោយប៉ែត ៖ រឿងរ៉ាវវិវាទដីធ្លីរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំកន្លងមករវាងលោកស្រី មុត ស្រីមុំ ដែលត្រូវជាកូនលោក ទុយសាមុតជាមួយប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះរឿងរ៉ាវវិវាទដីធ្លីដ៏រាំរ៉ៃនេះបានធ្លាក់មកដល់ដៃ ឯកឧត្តម បណ្ឌិតប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយតាមបែបឈ្នះឈ្នះជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៤ និងមានការចូលរួមពីសំណាក់លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត រួមទាំងមន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែតជាច្រើនរូបទៀត ។
ជម្រាបជូនផងដែរថាវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នៅក្នុងការរកដំណោះស្រាយរឿងវិវាទដីធ្លីនៅរសៀលថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២៤នេះឃើញថាមិនទាន់បានសម្រេចនៅឡើយទេ គឺតម្រូវឱ្យគូវិវាទនៃភាគីទាំងពីរនេះរកឯកសារឱ្យបានត្រឹមត្រូវពេញលេញរៀងៗខ្លួនដើម្បីចុះដោះស្រាយនៅថ្ងៃក្រោយ ៕