សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសឧបត្ថម្ភថវិកា ២០០លានរៀល ក្នុង១ឆ្នាំ ដល់មូលនិធិ ជនពិការតេជោសែន !!!

ក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១ មីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រ ការបង្កើតមូលនិធិជនពិការតេជោសែន ដោយសម្តេចនឹងឧបត្ថម្ភថវិកា ២០០លានរៀលក្នុង១ឆ្នាំ រយៈពេល៤ឆ្នាំដំបូង សម្រាប់ទ្រទ្រង់ដំណើរការមជ្ឈមណ្ឌល។

ការប្រកាសឧបត្ថម្ភនេះ តបតាមសំណើរ របស់ប្រធានមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្តេចធិបតីបានឯកភាព និងគាំទ្រដល់ការបង្តើត មូលនិធិតេជោសែន ដើម្បីកៀរគរប្រភពថវិកា សម្តេចធិបតី ក៏បានស្នើឱ្យរួមបញ្ជូលគ្នា រវាងមូលនិធិ ជនពិកាហ៊ុនសែន ដែលបង្កើតក្នុងឆ្នាំ១៩៩៧ មកនៅក្នុងមូលនិធិជនពិការតេជោសែនតែមួយតែម្តងផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឱ្យរៀបចំលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ក៏ដូចជាការបង្កើតការទុកចិត្ត និងការចូលរួមដល់មូលនិធិនេះផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «នៅក្រោយពេលបង្កើតនេះ ខ្ញុំសូមបោះមេ ខ្ញុំសូមចូលរួម២០០លាន (រៀល) តែម្តង នៅក្នុងមូលនិធិនេះ ។ ហើយនឹងបន្ត១ឆ្នាំ ២០០លាន នៅក្នុង៣ឆ្នាំទៅមុខទៀត សរុប៤ឆ្នាំដំបូង ក្នុង១ឆ្នាំ២០០លានតែម្តង»។

បន្ទាប់ពី៤ឆ្នាំនៃការជួយពីសំណាក់សម្តេចធិបតី ២០០លានរៀលហើយនោះ សម្តេចនឹងនៅបន្តជួយជាបន្តបន្ទាប់ តាមការពិនិត្យជាក់ស្តែងនៅពេលនោះ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានអំពាវនាវដល់សប្បុរសជន ទាំងជាតិនិងអន្តរជាតិបន្តជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ឱ្យដំណើរការទៅមុខបន្តទៀត។

សម្តេចធិបតីបានលើកឡើងថា «សូមបន្តជួយទៅទៀត ព្រោះដើម្បីជួយនៅក្នុង ការដំណើរការមជ្ឈមណ្ឌល នៅក្នុងការផ្តល់អត្ថប្រយោជន៍ និងគណៈកម្មការប៉ារ៉ាហ្គេម ដល់បងប្អូនរបស់យើង បានតិចបានច្រើនជួយគ្នា ដើម្បីយើងរួមគ្នាធ្វើតែម្តង»៕ ផ្សាយដោយ៖ កន ចំណាន, អត្ថបទ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី

You might like

Leave a Reply

Your email address will not be published. Required fields are marked *