ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយភ្ជាប់ខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង ៧:២០យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
ខ្ញុំសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ទីតាំងកើតមានគ្រោះអគ្គិភ័យនោះ ជាផ្ទះប្រជាពលរដ្ឋ ២ល្វែង ដែលមានស្តុកលក់គ្រឿងម៉ាស៊ីន និងប្រេងម៉ាស៊ីន។ ក្នុងគ្រានោះ ផ្ទះត្រូវបានម្ចាស់ចាក់សោពីរជាន់ គឺសោខាងមុខជាប់សំយាបផ្ទះ និងសោចូលទៅក្នុងផ្ទះ។ ដោយឃើញស្ថានភាពស្មុគស្មាញ និងភ្លើងឆេះមានហានិភ័យធ្ងន់ធ្ងរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាឱ្យអធិការដ្ឋានក្រុង និងស្រុកផ្សេងទៀត បញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកគាំទ្របន្ថែម។
ក្នុងអំឡុងពេលដែលសមត្ថកិច្ច កំពុងធ្វើប្រតិបត្តិការនោះ មានបងប្អូនប្រជាពលរដ្ឋ បានចោមរោមយ៉ាងច្រើន ហើយក្នុងនោះក៏មានប្រជាពលរដ្ឋដែលមានផ្ទះក្បែរទីតាំងកើតហេតុ (ទំនងមានការព្រួយបារម្ភ និងភិតភ័យខ្លាំង) បានព្យាយាមជ្រៀតខ្លួនចូលក្នុងចំណោមកម្លាំងសមត្ថកិច្ច ដើម្បីប៉ុនប៉ងអូសទាញកម្លាំង បង្វែរទុយោទឹក ឱ្យបាញ់ទៅលើផ្ទះរបស់ខ្លួន រហូតមានពលរដ្ឋខ្លះ បានដណ្ដើមទុយោទឹក និងប្រើពាក្យសម្ដីមិនសមរម្យទៅលើសមត្ថកិច្ចទៀតផង។ សមត្ថកិច្ចសុខចិត្តទទួលស្ដាប់ពាក្យសម្ដីមិនសមរម្យ និងបានចាប់ពលរដ្ឋដែលចូលមករំខាននោះ ចេញពីទីតាំងប្រតិបត្តិការ។
ក្នុងស្ថានភាពនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក៏បានបញ្ជាឱ្យអគ្គិសនីខេត្ត បិទចរន្តអគ្គិសនី ដែលអូសកាត់ពីលើខាងមុខផ្ទះជនរងគ្រោះ ដើម្បីទុកលទ្ធភាពឱ្យកម្លាំងធ្វើប្រតិបត្តិការកាន់តែងាយស្រួល។ ក៏ប៉ុន្តែដោយសាផ្ទះជនរងគ្រោះមានប្លង់សេនៅដំបូល និងថែមទាំងមានការផ្ទុះខ្លាំង (សមត្ថកិច្ចសន្និដ្ឋានថាជាការផ្ទុះធុងប្រេង) ជាបន្តបន្ទាប់នៅខាងក្នុងផង សមត្ថកិច្ច បានសម្រេចប្រើរថយន្តអគ្គិភ័យបុកទំលុះទ្វារខាងមុខ ដើម្បីឱ្យក្រុមពន្លត់ បានចល័តទុយោទឹក កាន់តែកៀកទីតាំងមានការឆេះខ្លាំង។ បន្ទាប់ពីគ្រឿងចក្រធុនធ្ងន់ បានមកដល់ សមត្ថកិច្ច ក៏បញ្ជាឱ្យបុកនិងកាយទម្លុះទ្វារចូលខាងក្នុងផ្ទះ។ ទីបំផុតសមត្ថកិច្ច ក៏មានលទ្ធភាពចល័តទុយោទឹកចូលទៅដល់គោលដៅដែលមានការឆេះខ្លាំង រហូតឈានទៅគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង ហើយភ្លើងក៏មិនអាចឆេះរាលដាលបង្កជាមហន្តរាយធ្ងន់ធ្ងរជាងនេះ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង ក្នុងនោះខេត្តព្រៃវែង ចំនួន ១០គ្រឿង និងមានការគាំទ្រពីខេត្តត្បូងឃ្មុំ ចំនួន ៣គ្រឿងបន្ថែម ខណៈកម្លាំងពីរនាក់ បានរងបួសដោយសារការបាក់ប្លង់សេ និងម្នាក់ទៀត បានរងគ្រោះដោយសារការពុលផ្សែងឆេះប្រេង និងគ្រឿងជ័រ។
ផ្អែកលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រៃវែង ការសម្រេចចិត្តផ្ដោតលើគោលដៅកំពុងឆេះខ្លាំង ដែលធ្វើឱ្យពលរដ្ឋខ្លះមិនសប្បាយចិត្តនាពេលនោះ គឺដោយសារជំនាញបានសន្និដ្ឋានច្បាស់ថា ប្រសិនបើមិនពន្លត់ភ្លើងនៅផ្ទះ ២ល្វែង បានទាន់ពេលទេ ជញ្ជាំងសងខាងនឹងត្រូវប្រេះបាក់បណ្ដាលឱ្យភ្លើងបន្តចេះរាលដាលបន្ថែមទៅផ្ទះជាប់នោះមិនខានឡើយ។ ម្យ៉ាងផ្ទះក្បែរនោះ ក៏មានគ្រឿងឈើ បរិក្ខារពេទ្យ និងផ្ទះប្ដូរប្រាក់ទៀតផង។
ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងកងកម្លាំងចម្រុះ ជាពិសេសកម្លាំងពន្លត់អគ្គិភ័យ ដែលបានប្រតិបត្តិការសង្គ្រោះ និងពន្លត់ប្រកបដោយវិជ្ជាជីវៈ និងការលះបង់ខ្ពស់។ «ស៊ូស្លាប់បាកុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ» យើងក៏យល់ច្បាស់នូវអារម្មណ៍ភ័យព្រួយខ្លាំងរបស់ប្រជាពលរដ្ឋដូចគ្នាដែរ។ យ៉ាងណាក៏ដោយ សូមបងប្អូនទុកលទ្ធភាពនេះ ជូនសមត្ថកិច្ចធ្វើការបានពេញដៃពេញជើង ពីព្រោះមានតែសមត្ថកិច្ចជំនាញទេដែលមានបទពិសោធ និងមានការសន្និដ្ឋានបែបបច្ចេទេសចំពោះសភាពការណ៍ជាក់ស្ដែង ជាពិសេសគោលដៅអាទិភាពត្រូវបាញ់ទឹកពន្លត់បន្ទាន់ និងគោលដៅបន្ទាប់ត្រូវការពារជាដើម។ ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមានផ្សេងៗ រហូតឈានដល់ការប្រើពាក្យសម្ដីមិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ និងការចូលទៅរំខានផ្សេងៗ ក៏មិនគួរកើតមានឡើយ ក្នុងពេលដែលពួកគាត់កំពុងយកជីវិតទៅប្ដូរដើម្បីពួកយើង ៕