សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជា នៅពាក់កណ្ដាលខែមីនាខាងមុខ !!!

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញលោកជំទាវ អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ ក្នុងខណៈដែលសម្ដេចបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោបានសរសេរថា ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់ស៊ីន ទោះបី មានជំងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់លោកជំទាវ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ សម្ដេចតេជោបន្តថា ដើម្បីពង្រឹងចំណងមិត្តភាព ខ្ញុំបាន អញ្ជើញ អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ «អតីតនាយករដ្ឋមន្ត្រី២នាក់ ជួបគ្នា មិនបាននិយាយរឿងនយោបាយនោះទេ តែបានរម្លឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុសនិងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ»។ គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលដែលឯកឧត្ដម ថាក់ ស៊ីន ធ្វើជានាយករដ្ឋមន្ត្រីមកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ ឯកឧត្ដម ថាក់ស៊ីន នៅតែមាហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។

តាមរយៈប្រវត្តិទំនាក់ទំនងដែលបានបង្ហាញនេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទ្ធបំផុតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្ដម ថាក់ស៊ីន និងក្រុមគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់កម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕ដោយ៖ ជឹម ណារីនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន 

You might like

Leave a Reply

Your email address will not be published. Required fields are marked *