ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកបញ្ហាជួញដូរមនុស្សជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ ព្រោះវាធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី “ការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា បច្ចុប្បន្នពលករចំណាកស្រុក ឆ្លងកាត់ព្រំដែន ឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការចេញតាមច្រករបៀងមិនស្របច្បាប់ និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្ថិភាពក្នុងការស្នាក់នៅឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា ជនជាតិខ្មែរដែលត្រូវបានជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗ បានរកឃើញថា ជនរងគ្រោះទាំងនោះ ជួបប្រទះនូវបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហិង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ ចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូចដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ និងបន្តអប់រំផ្សព្វផ្សាយដល់ពលករ ឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពលករទាំងអស់ ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង៕