ភ្នំពេញ ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេស បានចំនួន៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌដែលបានកើតឡើងសរុបចំនួន៦១ករណី។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៥៤ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧៦នាក់ ដោយជនសង្ស័យទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម និងបទល្មើសលួច(ឆក់ ប្លន់) ជាដើម។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះដែរ មួយសប្ដាហ៍មកនេះ កម្លាំងនគរបាលជាតិ ក៏បន្តបង្ក្រាប និងក្រសោបបានជនសង្ស័យពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជនផលជាច្រើនករណីទៀតផងដែរ។
ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្របដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។
ឈរលើច្បាប់ គោលការណ៍ដឹកនាំ និងគោលនយោបាយខាងលើនេះ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព៦ ក្នុងនោះក៏មានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះដែរ និងតែងណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្រ្កាប នូវរាល់បទល្មើសក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕ដោយ ៖ រ៉េន រតនៈ