នៅរដ្ឋ Florida ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន ០៤នាក់ រួមទាំងទារកម្នាក់ និងធ្វើឲ្យរបួសក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ !!!
ចេញផ្សាយ:ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
Sept 5 (Reuters) – មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យម្នាក់ដែលនិយាយថាខ្លួនជាអ្នករស់រានមានជីវិតពីសង្គ្រាមដោយមានពាក់អាវក្រោះ បានបាញ់សម្លាប់មនុស្ស ០៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ រួមទាំងកូនប្រុសអាយុ ៣ខែ ដែលកំពុងបីនៅក្នុងដៃ មុនពេលដែលជននេះប្រគល់ខ្លួនឲ្យនគរបាល នៅកណ្តាលរដ្ឋ Florida ។
មេបញ្ជាការនគរបាលរបស់រដ្ឋលោក Grady Judd បានប្រាប់សន្និសីទសារព័ត៌មានថា ជនដែលបានបាញ់ ប្រហារនោះត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Bryan Riley អាយុ ៣៣ឆ្នាំ ជាអតីតទាហានម៉ារីនអាមេរិក ហើយការបាញ់ប្រហារនេះក៏ធ្វើឲ្យក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ រងរបួសដែលទទួល បានការវះកាត់ដោយសារតែគ្រប់កាំភ្លើងចំនួន ០៧គ្រាប់ ។
លោក Judd បាននិយាយថា លោក Riley ដែលគ្មានទំនាក់ទំនងអ្វីជាមួយជនរងគ្រោះ បានធ្វើការតបតដោយបាញ់រះជាមួយនគរបាលមុនពេលប្រគល់ខ្លួន ហើយក្រោយមកលោកបានព្យាយាមដណ្តើមកាំភ្លើងរបស់មន្រ្តីនគរបាលម្នាក់ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យដោយសាររបួសដោយគ្រាប់កាំភ្លើងរបស់គាត់ មុនគាត់ត្រូវបានគេចាប់គាត់ម្តងទៀត ។
លោក Judd ក៏បាននិយាយផងដែរថា លោក Riley ជាអតីតយុទ្ធជន នៃសង្គ្រាមសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ និងអាហ្គានីស្ថាន បានធ្វើការជាអង្គរក្ស និងសន្តិសុខ ។ មិត្តស្រីដែលទាក់ទងគ្នារយៈពេល បួនឆ្នាំបានប្រាប់អ្នកស៊ើបអង្កេតថា លោកបានរងគ្រោះពីជំងឺស្ត្រេសក្រោយប៉ះទង្គិចផ្លូវចិត្ត និងការធ្លាក់ទឹកចិត្តម្តងម្កាល ។
ប្រហែលមួយសប្តាហ៍មុន សុខភាពផ្លូវចិត្តរបស់លោកកាន់តែអាក្រក់ទៅៗ ហើយលោកបានប្រាប់មិត្តស្រីថា លោកបានចាប់ផ្តើមនិយាយជាមួយព្រះ ។
នៅក្នុងសន្និសីទសារព័ត៌មានលើកទីពីរ លោក Judd បាននិយាយថា “ជនសង្ស័យបាននិយាយទៅកាន់អ្នកស៊ើបអង្កេតរបស់យើងថា “ពួកគេបានសុំអង្វរទុកជីវិត ហើយខ្ញុំក៏សម្លាប់ពួកគេ” ។
លោក Judd បាននិយាយថា លោក Riley ក៏បានប្រាប់មេបញ្ជាការរងថា លោកមានសារធាតុញៀន methamphetamine ខ្ពស់ ។
កាលពីយប់ថ្ងៃសៅរ៍ ខ្មាន់កាំភ្លើងបានបង្ហាញខ្លួនជាលើកដំបូងដោយចៃដន្យនៅផ្ទះដែលមានការបាញ់ប្រហារនេះបានកើតឡើង ដោយគ្មានហេតុផលសមស្រប ប៉ុន្តែចាកចេញនៅពេលដែលនគរបាលបានមកដល់ ។
លោក Judd បាននិយាយថា នៅព្រឹកថ្ងៃអាទិត្យ ជនសង្ស័យបានត្រលប់ទៅផ្ទះនោះវិញដោយបាន បាញ់សម្លាប់បុរសអាយុ ៤០ ឆ្នាំម្នាក់ ស្ត្រីអាយុ ៣៣ ឆ្នាំម្នាក់ និងកូនប្រុសរបស់លោកស្រី ។ លោក Judd បាននិយាយថា នៅក្នុងផ្ទះជាប់នោះជនសង្ស័យក៏បានសម្លាប់ស្រី្តអាយុ ៦២ ឆ្នាំម្នាក់ ដែលត្រូវ ជាម្តាយរបស់ស្ត្រីរូបនេះផងដែរ ។
លោក Judd បាននិយាយថា “បន្ថែមពីលើនេះ ជនសង្ស័យពិតជាព្រៃផ្សៃណាស់ ដោយបានបាញ់ សម្លាប់សុនខរបស់គ្រួសារថែមទៀតផង” ។
លោក Judd បាននិយាយថា លោកឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថាមានការបាញ់កាំភ្លើងស្វ័យប្រវត្តិចំនួន ដង ដោយបានមកដល់កន្លែងកើតហេតុដើម្បីស្វែងរកជនសង្ស័យ ដែលគ្មានអាវុធនៅខាងក្រៅដោយពាក់អាវទាហាន និងអាវក្រោះ។ បន្ទាប់មកលោក Riley បានត្រលប់ទៅខាងក្នុងវិញ ហើយ “យើងបានលឺសំលេងបាញ់គ្រាប់កាំភ្លើងម្តងទៀត និងមានស្ត្រីម្នាក់ស្រែក ហើយទារកយំខ្សឹកខ្សួល” ។
បន្ទាប់ពីការបាញ់ប្រហារ ជនសង្ស័យចេញមកក្រៅដោយគ្មានអាវុធហើយត្រូវបានចាប់ខ្លួន ៕
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com