លោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីដកចេញ ដាក់លោក ទុ បារាំងឡើងជាប្រធានថ្មី !!!
ចេញផ្សាយ៖ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២១
ខេត្តបន្ទាយមានជ័យ៖លោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ត្រូវដកចេញ ដាក់លោកវេជ្ជបណ្ឌិត ទុ បារាំង ឡើងជាប្រធានថ្មីនេះបើតាមមានប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានយើងខ្ញុំឲ្យបានដឹងថាក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកជាប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ក៏បានដឹងដល់សម្តេចតេជោ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី រួចមកបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានបោះមតិស្ទាបស្ទង់ផ្គូរផ្គងស្នើសុំជាបេក្ខជនត្រូវធ្វើជាប្រធានថ្មី ក្នុងនោះ មតិភាគច្រើនបានស្នើសុំផ្តល់ទំនុកចិត្តដល់លោកចក្ខុបណ្ឌិតទុបារាំង អនុប្រធានឲ្យឡើងជាបេក្ខជនប្រធានថ្មី។លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាតបានបន្តថា ឥឡូវរដ្ឋបាលខេត្តបានសម្រេចតែងតាំងលោកចក្ខុបណ្ឌិតទុ បារាំងជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទីឬអនុប្រធានក្តាប់រួមអីទេ ។
គួរបញ្ជាក់ថា ៖ រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយឧបទ្ទហេតុ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាមដើម្បីជួយវរសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោដែលរលាកខ្នែងពោះវៀនកម្រឹតធ្ងន់ ហើយត្រូវវះកាត់ ប៉ុន្តែក្នុងឃ្លាំងឈាមនៃមន្ទីរពេទ្យ ថាគ្មានឈាម ។
ឧបត្តិហេតុបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបន្ទាយមានជ័យបានសរសេរបង្ហោះក្នុងគណនេយ្យហ្វេសប៊ុកឯកជននិងផ្លូវការរបស់ឯកឧត្តមដែលមានខ្លឹមសារថា កាលពីយប់ ម៉ោង១០ និង០៥នាទី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យស្រុកមង្គលបូរី ស្របពេលនោះលោកប្រធានមន្ទីរពេទ្យបានប្រាប់ថាជាគោលការណ៍ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវាជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ ៕ដោយៈលោក លឿត ប៉ឹប ប្រធានសាខាខេត្តបន្ទាយមានជ័យ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.www.cambodiastardailynews.com