យន្តហោះពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់សាធារណរដ្ឋបារាំងហើយ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ មុនបន្តដំណើរទៅសហព័ន្ធស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។
ក្រោមមូលបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ ថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានានឹងចូលរួមក្នុងកិច្ចប្រជុំនេះ។
អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។
ក្នុងឱកាសឆ្លងកាត់នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មុននឹងបន្តដំណើរអញ្ជើញទៅចូលរួម”កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024)” នៅសហព័ន្ធស្វីស ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុប អញ្ជើញជាអធិបតី ក្នុងវេទិការធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង (MEDEF)និងសភាពាណិជ្ជកម្មកម្ពុជា ជំនួបជាមួយលោកជំទាវ ល្វី មូស៊ីគី វ៉ាប៉ូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនឯកជនមួយចំនួនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ ដែលមានដូចជា៖១.សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ២. ក្រុមហ៊ុន VINCI ៣. ក្រុមហ៊ុន ACCOR ៤. ក្រុមហ៊ុន EDF ៥. ក្រុមហ៊ុន PuyDuFou ៦. ក្រុមហ៊ុន Orang SA ៧. ក្រុមហ៊ុន Blue Circle ៨. ក្រុមហ៊ុន Alstom ៩. ក្រុម ហ៊ុន Total Energies ។ល។
បន្ទាប់ពីបញ្ចប់បេសកកម្មការងារ ខាងលើ និងតបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (KlausSchwab) ស្ថាបនិក និងប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបន្តដំណើរទៅចូលរួម “កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024)* នៅសហព័ន្ធស្វីស ពីថ្ងៃទី១៦-១៧ ខែមករាឆ្នាំ២០២៤ បន្តទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្ដេចធិបតី នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុង កម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ «ការស្តារទំនុកចិត្តលើប្រព័ន្ធសកលលោកឡើងវិញ» សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលជាក្តីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនាដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរក្នុងការកសាងទំនុកចិត្តទៅវិញទៅមកដែលចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្ដេចធិបតី នឹងមានជំនួបជាមួយ ឯកឧត្តម Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំងធុរជននៃក្រុមហ៊ុនឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី, ផ្សាយដោយ៖ កន ចំណាន