ក្រុងកែប៖ លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក នាថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ។ សម្រាប់មូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនមន្រ្តីទាំង ២រូបនេះ មិនទាន់ដឹងលម្អិត និងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ។ នេះបើយោងតាមប្រភពព័ត៌មានពីស្នងការខេត្តកែប បានប្រាប់ នៅមុននេះបន្តិច។
ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ។
ជុំវិញព័ត៌មាននេះ បានព្យាយាមសុំការបញ្ជាក់បន្ថែមពីលោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប ពាក់ព័ន្ធករណីចាប់ខ្លួនមន្ត្រីទាំងពីរនាក់ខាងលើនេះដែរ ប៉ុន្តែមិនមានឆ្លើយតបនោះទេ។ ចំណែកអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ សុំមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ ដោយហេតុផលថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិត នៅឡើយ ព្រោះលោកជាប់សុំច្បាប់ឈប់សម្រាក៕