មន្រ្តីសហគមន៍៖ សត្វប្រើស, ទន្សោង, ឈ្លូស, ជ្រូកព្រៃ, ក្ងោក, និងសត្វព្រៃជាច្រើនប្រភេទ ដែលនៅសេសសល់ក្នុងព្រៃសហគមន៍ប្រាំបីម៉ុម កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរនិងខ្វះប្រភពទឹកផឹក !!!

ខេត្តកំពង់ស្ពឺ ៖ ប្រជាសហគមន៍ព្រៃឈើប្រាំបីម៉ុម បានអះអាងថា សត្វព្រៃមាន សត្វប្រើស, ទន្សោង, ឈ្លូស, ជ្រូកព្រៃ, ក្ងោក, និងសត្វព្រៃជាច្រើនប្រភេទទៀត ដែលនៅសេសសល់ក្នុងព្រៃនេះ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២៣នេះ អាចប្រឈមផុតពូជប្រសិន បើអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ ឱ្យបានតឹងរ៉ឹងទេនោះ ។

លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីម៉ុម បានប្រាប់ AKPឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះថា អន្ទាក់ត្រូវបានគេដាក់ពង្រាយពាសពេញព្រៃ ហើយកើនឡើងទ្វេដង ដែលបង្កជាការគម្រាមគំហែងយ៉ាងធ្ងន់ធ្ងរ ដល់ជីវិតសត្វកម្រ ទន្សោង, ឈ្លូស, ប្រើស, ជ្រូកព្រៃ, ក្ងោក, និងសត្វផ្សេងទៀត ។

លោកបន្តថា កាលពីឆ្នាំ២០២២ អន្ទាក់ដែលសហគមន៍រកឃើញ មានតែ៤៤៤អន្ទាក់ប៉ុណ្ណោះ តែនៅឆ្នាំ២០២៣នេះ គិតត្រឹមខែធ្នូ សហគមន៍បានរកឃើញអន្ទាក់ជិត៩០០អន្ទាក់ ដែលចំនួននេះហាក់កើនឡើងទ្វេដង ។

ប្រធានសហគមន៍ព្រៃឈើប្រាំបីម៉ុម បានបន្ថែមថា អន្ទាក់ត្រូវបានកម្លាំងសហគមន៍រកឃើញ គេដាក់ពង្រាយ នៅតាមទីតាំងដែលសម្បូរព្រៃក្រាស់ៗ និងចម្ការអំពៅដែលមានប្រភពទឹក ។

ប្រធានសហគមន៍បញ្ជាក់ថា «អន្ទាក់គឺជាអាវុធដ៏សាហាវដែលអាចផ្តាច់ជីវិតសត្វកម្រទាំងនេះបានត្រឹមតែរយៈពេលខ្លី ។ ការស្លាប់សត្វទន្សោងច្រើន គឺផ្តើមចេញពីអន្ទាក់ ទោះជាកម្លាំងសហគមន៍ប្រឹងប្រែងដើរដោះយ៉ាងណាក៏មិនអស់ ដោយអន្ទាក់ត្រូវបានគេដាក់ និងនៅរាយប៉ាយពាសពេញតាមដងអូរ តាមជ្រលងភ្នំ និងនៅតាមចំណុច ដែលកម្លាំងសហគមន៍ពិបាកចូលទៅដល់ ហើយពេលវាជាប់ទើបវារត់ចូលមកក្នុងសហគមន៍ ដើម្បីរកការអន្តរាគមន៍ជួយសង្គ្រោះ ខ្លះក៏សង្គ្រោះបានតែពិការ ខ្លះក៏សង្គ្រោះមិនបានបណ្តាលឱ្យវាងាប់» ។

លោកបន្តថា «ជាងនេះសត្វដែលងាយរងគ្រោះធ្ងន់ធ្ងរ គឺពេលដែលវាចាកចេញពីព្រៃសហគមន៍ដើម្បីទៅរកទឹកផឹក ព្រោះនៅទីនោះក្រុមព្រានព្រៃ តែងតែដាក់ពង្រាយអន្ទាក់ដើម្បីប្រម៉ាញ់ និងចាប់សត្វកម្រទាំងនេះ ។ ដោយមើលឃើញពីការប្រឈមនេះហើយ ទើបសហគមន៍សម្រេចស្នើសុំទៅអាជ្ញាធរឱ្យជួយជីកស្រះមួយកន្លែង ក្នុងព្រៃសហគមន៍ ដើម្បីរក្សាទុកទឹកសម្រាប់សត្វព្រៃកម្រទាំងនេះ បានផឹក និងបញ្ចៀសការយាយីពីអ្នកប្រមាញ់ដ៏សកម្ម គឺអន្ទាក់ព្រានព្រៃ » ។

ជុំវិញការស្នើសុំរបស់សហគមន៍ព្រៃឈើប្រាំបីម៉ុមនេះ លោក ស៊ឹម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ បានសម្រេចទទួលយកសំណើ ហើយក៏ប្រកាសរកដៃគូឯកជន ដែលអាចមានលទ្ធភាពក្នុងការជីក ក្នុងនោះក្រុមហ៊ុនឯកជន អាចយកអាចម៌ដីទៅប្រើប្រាស់តាមតម្រូវការ ដោយទុកមកវិញត្រឹមតែស្រះឱ្យសហគមន៍ ដើម្បីឱ្យសត្វបានផឹកប៉ុណ្ណោះ ។

សូមបញ្ជាក់ថា សហគមន៍ព្រៃឈើប្រាំបីម៉ុម មានផ្ទៃដីប្រមាណ ១ ២២១ហិកតា ស្ថិតនៅក្នុងភូមិថ្នល់កែង និងភូមិត្រពាំងក្រើញ ឃុំប្រាំបីម៉ុម ស្រុងថ្ពង ខេត្តកំពង់ស្ពឺ ៕ដោយលឹម សាន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *