ខេត្តកំពត ៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា តំបន់រមណីយ ដ្ឋានទំនប់ម្លេច បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយរបស់ខេត្តកំពត ហើយទៅថ្ងៃអនាគតតំបន់នេះ នឹងក្លាយជាបណ្តុំតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណិតមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត ដោយសារភូមិសាស្ត្រតំបន់ទំនប់ម្លេច មានសក្តានុពលទេសចរណ៍ធម្មជាតិ ដែលមិនមានកន្លែងផ្សេងមកប្រដូចបានឡើយ។
ជាមួយគ្នានោះ អ្នកគ្រប់គ្រងកន្លែងសម្រាកលម្ហែ “ បេះដូងម្លេច” បានប្រាប់ឱ្យដឹងថា បើទោះជាមិនទាន់ដល់ថ្ងៃឆ្លងឆ្នាំសកល តែភ្ញៀវទេសចរ តែងតែមកសម្រាក លំហែកម្សាន្ត នៅទំនប់ម្លេចជារឿយៗ ហើយបេះដូងម្លេច ក៏មានសេវាស្នាក់នៅប្រកបដោយផាសុកភាព មានអាហារដ្ឋាន ខ្ចុះអង្គុយមាត់ទឹក និងមានស្ពានថតរូបអនុស្សាវរីយ៍ជាដើម។
អ្នកគ្រប់គ្រងរមណីយដ្ឋានធម្មជាតិម្លេច បានប្រាប់ឱ្យដឹងដែរថា ដោយសារប្រទេស ជាតិមានសុខ សន្តិភាព ពិតជាមានភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅតំបន់ រមណីយដ្ឋាន ទំនប់ម្លេចច្រើនជាងមុន ព្រោះថាកន្លែងនេះទើបតែបង្កើត និងកែលម្អថ្មីដ៏ទាក់ទាញមានច្រើន ចំណែកតម្លៃសេវាកម្មក៏សមរម្យ ភ្ញៀវអាចទទួលយកបាន។
ដោយឡែក ប្រជាពលរដ្ឋលក់ដូរលើខ្នងទំនប់ទឹកបឹងម្លេចបានឱ្យដឹងដែរថា បច្ចុប្បន្ន តំបន់រមណីយដ្ឋានទំនប់ម្លេច មានកន្លែងដើរលេងច្រើនសំបូរបែប ហើយថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទានភ្ញៀវជាតិ និងអន្តរជាតិមកច្រើន ជួយជំរុញដល់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ដូរនៅ តំបន់រមណីយដ្ឋានទំនប់ម្លេចបានលើកឡើងថា បន្ទាប់ពីប្រទេសយើងមានសុខ សន្តិភាព កន្លែងសម្រាកកម្សាន្តជាច្រើននៅតំបន់រមណីយ ដ្ឋានទំនប់ម្លេចត្រូវបានកែលម្អ និងបង្កើតបន្ថែមថ្មី ប្លែកៗ ហើយរៀងរាល់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យ តែងតែមានភ្ញៀវមកលេងច្រើនជាងមុន៕ ដោយ ប្រាក់ លាង