MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានគ្រោងដាក់ ប្រព័ន្ធ QR Code លើកាតអ្នកសារពត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សំដៅលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន ។
ថ្លែងក្នុងពិធីបិទវេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដោយសារបច្ចុប្បន្នមានការកើនឡើងច្រើន អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ អ្នកសារព័ត៌មានប្រជាជន ដែលនាំឱ្យបាត់បង់តម្លៃអ្នកសារពត៌មាន នៅក្នុងក្រសែភ្នែកបងប្អូនប្រជាជនរបស់យើង ហើយចាំបាច់ណាស់ដែលយើងត្រូវតែគិតគូរ ដើម្បីកុំឱ្យមានជនខិលខូច ដែលមិនមែនជាអ្នកសារពត៌មានពិតប្រាកដ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម បង្កឱ្យមានការយល់ច្រឡំដល់សង្គមជាតិ។
ឯកឧត្ដមបញ្ជាក់ថា ការបំពាក់ប្រព័ន្ធ QR Code លើកាតអ្នកសារពត៌មាន គឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម។ «នៅគ្រប់កន្លែងយកព័ត៌មានទាំងអស់ត្រូវតែស្គេន QR Code ដើម្បីបញ្ជាក់ថាតើមានអត្តសញ្ញាណពិតប្រាកដដែរឬអត់ ? ព្រោះករណីនេះធ្លាប់មានពីមុនមកដែលយកឈ្មោះគេមកប្រើប្រាស់ហើយយក QR Code គេមកប្រើ ហើយស្គែនទៅអត់ចេញអ៊ីចឹងគឺក្លែង ឯកសារ ដើម្បីកុំឲ្យក្លែងគឺយើងត្រូវបំពាក់នូវ QR Code សូមចាងហ្វាងកាសែត អ្នកនិពន្ធនាយក ត្រូវរៀបចំកិច្ចការងារហ្នឹង យើងនឹងជូនដំណឹងដោយឡែកមួយដើម្បីឱ្យបងប្អូនប្រើប្រាស់ QR Code ពេលយើងចេញទៅ QR Code អ្នកកាសែតម្នាក់ លេខម្នាក់ QR Code ចេញប៉ុន្មានយើងអាចគ្រប់គ្រងអ្នកកាសែតបានទាំងអស់ រាល់ថ្ងៃយើងគ្រប់គ្រង អត់បានទេមិនដឹងបងប្អូនណាខ្លះជាអ្នកសារព័ត៌មានទេ»។
ឯកឧត្តមបានបន្ថែមថា អាជ្ញាប័ណ្ណ ដែលក្រសួងព័ត៌មានទទួលស្គាល់មានចំនួន ៤៤៧ សមាគមអ្នកសារព័ត៌មានចំនួន៣១ ទូរទស្សន៍ Online ជាង១០០០ វិទ្យុFM២០០ ទស្សនាវដ្តីមានចំនួន១៩៣ អ្នកកាសែតដែលបានចុះបញ្ចីមាន៣១៧ និងអ្នកកាសែតដែលមិនបានចុះ បញ្ចីមានចំនួនជិត១០០០០នាក់៕ផ្សាយដោយ៖ ខៀវ យុទ្ធវង្ស