ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង បានឱ្យដឹងថា ខេត្តមានការកើនឡើងជាបន្តបន្ទាប់ នូវសម្បទាទេសចរណ៍និងកន្លែងកម្សាន្តជាច្រើន ដែលបានទាក់ទាញភ្ញៀវទេសចរមកសម្រាកកម្សាន្ត កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក សាន ទិត្យវិរះ នាយកទីចាត់ការអន្តរវិស័យតំណាងរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងក្នុងពិធី ស្តីពីការពង្រឹងយន្តការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នៅខេត្តបាត់ដំបងបានឱ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដែលមានដូចជា ប្រាង្គប្រាសាទ ផ្ទះបុរាណ អគារបុរាណស្ថាបត្យកម្មប្រវត្តិសាស្ត្រសម័យលោកម្ចាស់អាណានិគម ហើយក្រៅពីនេះ ក៏មានដងស្ទឹង ព្រៃ ភ្នំ សត្វចតុប្បាទ សត្វស្លាបគ្រប់ប្រភេទ ដែលបង្កលក្ខណៈដល់រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ដែលជាសក្ដានុពល បម្រើឱ្យវិស័យទេសចរណ៍ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកម្សាន្ត ស្រាវជ្រាវនិងសម្រាកលម្ហែកាយ ដែលមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្តថា ទាំងនេះគឺបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជាក់ស្ដែងរយៈពេលត្រឹមតែ៩ខែ ក្នុងឆ្នាំ២០២៣ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនិងស្នាក់នៅក្នុងខេត្តបាត់ដំបង មានចំនួន ៦២៥១៥២នាក់ កើនឡើង១២,៥៩ភាគរយ ក្នុងនោះភ្ញៀវជាតិមាន ចំនួន៥៩៦៥៤០នាក់ កើនឡើង១១,១៣ភាគរយ និងភ្ញៀវអន្តរជាតិចំនួន ២៨៦១២នាក់ កើនឡើង៥៩,៩២ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ខេត្តបាត់ដំបង គឺមានការកើនឡើងជាបន្តបន្ទាប់ នៅសម្បទាទេសចរណ៍និងកន្លែងកម្សាន្តជាច្រើន ដែលក្នុងនោះរមណីយដ្ឋានគោលដៅទេសចរណ៍សំខាន់ៗ មាន១៥ទីតាំង សណ្ឋាគារចំនួន៤៨កន្លែង ភោជនីយដ្ឋានអាហារដ្ឋានចំនួន២១៧កន្លែង ទីកន្លែងម៉ាស្សាស្ប៉ាស្តង់ដាចំនួន ៦កន្លែង ខារ៉ាអូខេចំនួន២៧កន្លែង ក្លឹបកម្សាន្តចំនួន២កន្លែង បៀរហ្គាដិនចំនួន១កន្លែង និងកីឡាទេសចរណ៍ចំនួន៧កន្លែង ហើយចំណូលដែលបានពីភ្ញៀវទេសចរ បានផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៤៥៩៧ នាក់ និងប្រយោល ១០នាក់ផ្សេងទៀត។
ភាពរីកចម្រើនទាំងអស់នេះ អាចកើតឡើងបានដោយសារសន្តិភាព ដែលបានពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។ សមិទ្ធផលដែលបានកើតឡើងនៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដែលត្រូវបានមើលឃើញ និងឆ្លុះបញ្ចាំងតាមរយៈភាពជោគជ័យ នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ដែលបានដាក់ចេញ សំដៅធានាបាន នូវតុល្យភាព រវាងផលប្រយោជន៍ ខាងផ្នែកបរិស្ថានសេដ្ឋកិច្ចសង្គម និងវប្បធម៌ ដែលតុល្យភាពនេះ គឺជាកត្តាសំខាន់បំផុត សម្រាប់និរន្តរភាពវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តបាត់ដំបង ពោលគឺការអភិវឌ្ឍបម្រើឱ្យការអភិរក្ស ដោយការអភិរក្សគាំទ្រឱ្យការអភិវឌ្ឍ។»
លោកបន្តថា ផ្ដើមចេញពីយុទ្ធសាស្ត្រឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាទទួលបាន នូវសុខសន្តិភាពបរិបូរណ៍ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយសន្តិសុខ សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តបាត់ដំបង មានគោលដៅទេសចរណ៍មានច្រើនកន្លែង សរុបទាំងរមណីយដ្ឋាន មានចំនួន៥២កន្លែង ក្នុងនោះមានវត្តគំរូ១២កន្លែងដែលអាចធ្វើដំណើរទេសចរណ៍បែបសាសនា តំបន់ត្រៀមជាបេតិកភណ្ឌនៅក្នុងក្រុងបាត់ដំបង អគារចំណាស់៨០០ខ្នង និងផ្ទះបុរាណមាន ៦៣ផ្ទះ ដែលជាទីកន្លែងដ៏សំខាន់ដែលមានការទាក់ទាញសម្រាប់ភ្ញៀវ។ ក្រៅពីក្រុងបាត់ដំបង ក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតដែលមាន នៅស្រុកបាណន់ ស្រុកសំឡូត ភ្នំព្រឹក តំបន់ទាំងអស់នេះគឺសុទ្ធតែជាតំបន់ទាក់ទាញក្នុងលក្ខណៈជាតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍កែច្នៃ តំបន់កសិទេសចរណ៍ និងអេកូទេសចរណ៍ដែលជាទេសចរណ៍ធម្មជាតិតែម្ដង៕អត្ថបទដោយ៖ លោកស្រី ធីណា ឌីណេ, ផ្សាយដោយ៖ ប៉ោ កុសល