ខេត្តបន្ទាយមានជ័យ ៖ ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបញ្ជាក់អំពីគោលជំហរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តរជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។
នៅចំពោះមុខសមភាគីថៃ តំណាងដោយ ឯកឧត្តម ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងអង្គពិធីដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ និងតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិពាក់ព័ន្ធនានា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនេះឱ្យបានកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ហើយជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំពារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។
ឈរលើស្មារតីនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលថៃ សម្រេចសាងសង់មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសពលកររងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកសមិទ្ធផលនេះ ថាជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការប្រកបដោយឆន្ទៈនយោបាយរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។
បន្ថែមលើគោលជំហរ និងការប្ដេជ្ញាចិត្តដូចបានបញ្ជាក់មកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធប្រើប្រាស់មជ្ឈមណ្ឌល ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈការផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព គ្មានការរើសអើង និងបរិយាប័ន្ន ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬពិការភាព។
ក្នុងឱកាសនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានអំពាវនាវស្នើសុំរាជរដ្ឋាភិបាលថៃ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងបណ្ដាដៃគូអភិវឌ្ឍនានា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់និកាយសាសនា និងប្រជាពលរដ្ឋ បន្តកិច្ចសហប្រតិបត្តិការ គាំទ្រ និងចូលរួមអនុវត្តឱ្យបានសកម្មខ្លាំងក្លាបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ដោយឈរលើស្មារតីនៃការគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី គឺ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕