ខេត្តព្រះវិហារ ៖ គណៈប្រតិភូគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការ លើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) ដឹកនាំដោយ លោក ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ បានធ្វើទស្សនកិច្ចនៅរមណីយ ដ្ឋានប្រាសាទ ព្រះវិហារ ដើម្បីឈ្វេងយល់អំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍មួយចំនួននៅក្នុងរមណីយដ្ឋាន ប្រាសាទព្រះវិហារ។
គណៈប្រតិភូ ICC-Preah Vihear និងអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យការងារ និងផ្តល់អនុសាសន៍លើកិច្ចការងារ មួយចំនួន៖ នៅគោបុរៈទី៥ មានដូចជា ការចាក់លុបដីដែលបានធ្វើកំណាយរួចនៅចំណុច ស្ពានឈើ តភ្ជាប់ទៅស្ពានហាលខាងលិច ការងារជួសជុលជណ្តើរខាងជើង ពិនិត្យទីតាំង ការដ្ឋានរបស់ភាគីឥណ្ឌា ព្រមទាំង គម្រោងអភិរក្ស និងជួសជុលឡើងវិញនូវសំណង់ បុរាណគោបុរៈទី១ ទី២ និងទី៣ របស់ភាគីរដ្ឋាភិបាលចិន។
សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូ ICC-Preah Vihear ក៏បានចុះពិនិត្យការងារ ផ្តល់អនុសាសន៍ពី ផែនការអភិរក្ស និងរំដោះទឹកចេញពីប្រាសាទប្រាំ ប្រាសាទក្រចាប់ ប្រាសាទប្រាង្គ និងផែនការអភិរក្សប្រាសាទបល្ល័ង្កត្បូង(ប្រាសាទលិង្គទី៣) ប្រាសាទក្រហម ព្រមទាំងផែនការរៀបចំប្រព័ន្ធធារាសាស្រ្តបុរាណ ផែនការរៀបចំវង់ ទស្សនាថ្មី និងការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវទេសចរនៅរមណីយដ្ឋាន បេតិកភណ្ឌ ពិភពលោកប្រាសាទកោះកេរផងដែរ៕ ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)