ខេត្តកំពត ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើននៃវិស័យទេសចរណ៍ អាចប្រែក្លាយវិស័យទាំងអស់ឱ្យមានសក្ដានុពល។
ក្នុងឱកាសអញ្ជើញជាធិបតី ពិធីបិទបុណ្យសមុទ្រលើកទី១០ ក្រុងកែប នាព្រលប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី បានថ្លែងថា ការផ្ដោតលើពិពិធកម្មសេដ្ឋកិច្ចជារឿងសំខាន់ ហើយទេសចរណ៍ជាអ្វីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយវិស័យទេសចរណ៍មានលក្ខណៈខុសពីវិស័យមួយចំនួនគឺ ផលិតផលត្រូវតែផលិតនិងប្រើប្រាស់ក្នុងស្រុក វាខុសពីផលិតកម្មឧស្សាហកម្ម។ យើងអាចផលិតសម្លៀកបំពាក់ហើយយើងនាំចេញទៅលក់ក្រៅប្រទេស។ ប៉ុន្តែផលិតផលទេសចរណ៍គឺត្រូវផលិតនៅក្នុងប្រទេសហើយប្រើប្រាស់នៅនឹងកន្លែងតែម្ដង យើងមិនអាចធ្វើភោជនីយដ្ឋាននៅកែបហើយ រុញឱ្យគេបើកនៅមណ្ឌលគិរីនោះទេ យើងមិនអាចយកផលិតផលទេសចរណ៍នៅខេត្តសៀមរាបហើយរុញទៅឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «អ៊ីចឹងលក្ខណៈពិសេសរបស់ទេសចរណ៍គឺនាំមនុស្សមកប្រើប្រាស់នៅនឹងកន្លែង ខុសពីវិស័យមួយចំនួនយើងផលិតសម្ភារយកទៅឱ្យមនុស្សប្រើប្រាស់នៅក្រៅប្រទេស វត្ថុ សម្ភារ ផលិតផលរត់រកមនុស្ស កន្លែងនេះមនុស្សរត់រកផលិតផល នេះជាសក្ដានុពលមួយដែលយើងជំរុញ ការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍គឺការអភិវឌ្ឍនៅនឹងកន្លែងហ្នឹងតែម្ដង»។ សម្ដេចធិបតី ថ្លែងបន្ថែមថា វិស័យទេសចរណ៍ពិតណាស់យើងខំជំរុញ ប៉ុន្តែវិស័យទេសចរណ៍មិនមែនជំរុញផលិតវិស័យទេសចរណ៍មួយទេ «កំណើននៃវិស័យទេសចរណ៍គឺអាចមានការប្រែក្លាយទៅជាសក្ដានុពលនៃវិស័យទាំងអស់។
ឧទារណ៍ប្រជាពលរដ្ឋ១២ម៉ឺននាក់មកលេងបុណ្យសមុទ្រនៅកែប កម្រមានណាស់ អ្នកខ្ចប់ម្ហូបមកពីភ្នំពេញ បើគាត់នៅមួយថ្ងៃឬពីរថ្ងៃ ប្រាកដណាស់គាត់នឹងទិញផលិតផល សណ្ឋាគារ ភោជនីយដ្ឋាន ត្រូវការបម្រើផ្គត់ផ្គង់ ចឹងត្រូវការសាច់ ត្រូវការបន្លែ ត្រូវការវត្ថុធាតុដើមផ្សេងៗដែលជួយដល់ប្រជានេសាទ»៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី ផ្សាយដោយ៖ ខៀវ យុទ្ធវង្