ក្រសួងព័ត៌មាន និងស្ថាប័នអប់រំ IDP Education បន្តកិច្ចសហប្រតិបត្តការ ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ២០២៤ !!!

នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគណៈគ្រប់គ្រប់កម្មវិធី CamDEBATE ដឹកនាំដោយ កញ្ញា សុខេង បញ្ចនាថ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តការរវាងក្រសួងព័ត៌មាន និងស្ថាប័នអប់រំ IDP Education ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ ២០២៤

ដែលបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយស្ថាប័នអប់រំ IDP Education ដែលជាស្ថាប័នឈានមុខគេលើពិភពលោក លើសេវាកម្មប្រឹក្សាយោបល់ទៅសិក្សានៅបរទេស។

តាមការបញ្ជាក់របស់អ្នករៀបចំបានអោយដឹថា កម្មវិធី CamDEBATE ជាកម្មវិធីពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ បណ្តុះបណ្តាលនិងជម្រុញភាពក្លាហាន ការត្រិះរិះពិចារណា និងជំនាញទំនាក់ទំនងសម្រាប់សិស្សនិស្សិតទូទាំងប្រទេសចាប់ពីកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ។

ជើងឯក ឬជ័យលាភីនឹងទទួលបានទស្សនកិច្ចសិក្សាទៅចក្រភពអង់គ្លេសរយៈពេល២សប្តាហ៍ អាហារូបករណ៍សិក្សានៅសាលា ACE មួយឆ្នាំពេញ មេដាយ និងរង្វាន់ជាច្រើនទៀត។

កម្មវិធី CamDEBATE ជាកម្មវិធីពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ នឹងចាប់ទទួលពាក្យថ្ងៃទី០២ ខែមករា ២០២៤ មាន៥ វគ្គ មានវគ្គបណ្តុះបណ្តាល (training sessions) មុននឹងការប្រកួតវគ្គផ្តាច់ព្រ័តនៅ ខែឧសភា ២០២៤ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីការគាំទ្រ និងបន្តកិច្ចសហការរវាងក្រសួងព័ត៌មាន និង ស្ថាប័នអប់រំ IDP Education ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ។ កិច្ចសហការកាលពីពេលកន្លងមក គឺក្រសួងព័ត៌មាន បានជួយផ្សព្វផ្សាយនូវកម្មវិធី CamDEBATE តាមរយៈវិទ្យុ និងទូរទស្សន៍ជាតិ ប្រពន្ធ័ផ្សព្វផ្សាយសង្គម ការធ្វើបទសំភាសន៍ជាមួយអ្នករៀបចំ ដើម្បីផ្សព្វផ្សាយមុនការរៀបចំកម្មវិធី ហើយធ្វើអោយយុវជនបានដឹង និងត្រៀមខ្លួនជាមុនសម្រាប់ចូលរួមប្រកួតអោយបានល្អ ។

ដើម្បីអោយដំណើរការកម្មវិធី CamDEBATE កាន់តែល្អ និងមានអ្នកគាំទ្រកាន់តែច្រើនជាងឆ្នាំមុនៗទៀតនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងបន្តជួយផ្សព្វផ្សាយអោយបានទូលំទូលាយ ពិសេសគឺចាត់តាំង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានចំណេះជំនាញច្បាស់លាស់ ដើម្បីចូលរួមសហការជាមួយគណៈកម្មការរៀបចំកម្មវិធី ក្នុងការតម្រង់ទឹសអោយចំគោលដៅតែម្តង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *