តើសហរដ្ឋអាមេរិក រួមទាំងលោកខាងលិច នឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែរឬទេ ?

 

តើសហរដ្ឋអាមេរិក រួមទាំងលោកខាងលិច នឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែរឬទេ ?

ចេញផ្សាយ:ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
វ៉ាស៊ីនតោន៖ ក្រុមតាលីបង់បានអបអរជ័យជម្នះដោយប្រកាសថាអាហ្វហ្កានីស្ថានបានក្លាយជាប្រទេសដែលមានសេរីភាព និងឯករាជ្យ ពេញលេញ បន្ទាប់ពីយន្ដហោះជម្លៀសមនុស្សជើងចុងក្រោយរបស់សហរដ្ឋអាមេរិកបានហោះចេញពីអាកាសយានដ្ឋានកាប៊ុល ជានិមិត្តរូបនៃការបិទបញ្ចប់ជាផ្លូវការនូវ សង្រ្គាមរយៈពេល ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន។

ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃ១៥ ខែសីហាមក ក្រុមតាលីបង់បានព្យាយាមបង្ហាញប្រាប់ពិភពលោកថាពួកគេមិនមែនជាតាលីបង់ កាលពីជាង២០ឆ្នាំមុនឡើយ ដោយបានប្រកាសលើកលែងទោស, មិនសងសឹកចំពោះជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឱ្យកងទ័ពបរទេស, សន្យាគោរពសិទ្ធិស្ត្រី នៅក្រោមក្របខណ្ឌនៃច្បាប់អ៉ីស្លាម ព្រមទាំងធានាថានឹងមិនអនុញ្ញាតឱ្យអាហ្វហ្កានីស្ថានក្លាយជាមូលដ្ឋានសម្រាប់ឱ្យក្រុមណាមួយប្រើប្រាស់ដើម្បីវាយប្រហារលើបណ្ដា ប្រទេសដទៃនោះទេ។

«យើងចង់បានទំនាក់ទំនងដ៏ល្អ, យើងចង់បានសេដ្ឋកិច្ចដ៏ល្អ, យើងចង់បានពាណិជ្ជកម្មដ៏ល្អ ហើយយើងចង់មានទំនាក់ទំនងការទូតដ៏ល្អ»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែសីហា។ ការសន្យាទាំងនេះបានធ្វើ ឱ្យបណ្ដាប្រទេសជាច្រើនមានការភ្ញាក់ផ្អើល ដោយមួយចំនួនបង្ហាញជំហរស្ទាក់ស្ទើរ រីឯខ្លះទៀតប្រកាសដាច់ណាត់ថានឹងមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ។ ការដកខ្លួន របស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន អាចនិយាយបានថាជាជ័យជម្នះមួយ តែអ្វីដែលសំខាន់សម្រាប់តាលីបង់ចាប់ពីពេលនេះតទៅ នោះគឺថាតើមានប្រទេសណាខ្លះ ដែលនឹងទទួលស្គាល់ពួកគេ? ហើយថាតើត្រូវធ្វើដូចម្ដេច ទើបធ្វើឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលរបស់ពួកគេ?

.មិនប្រញាប់ប្រញាលទទួលស្គាល់

នៅពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចដំបូងនៅអាហ្វហ្កានីស្ថានកាលពីឆ្នាំ១៩៩៦ មានប្រទេសតែបីគត់ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ក្នុងនោះរួមមាន ប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ដូចគ្នាដែរ ក្រោយតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ បណ្ដាប្រទេសលោក ខាងលិចនាំមុខដោយសហរដ្ឋអាមេរិកបាននាំគ្នាបិទស្ថានទូត, ជម្លៀសកងទ័ព, ពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្កានីស្ថានខ្លះចេញពីរដ្ឋធានីកាប៊ុលដោយចង់បង្ហាញថា ពួកគេមិនចង់មានទំនាក់ទំនង ឬក៏ទទួលស្គាល់ក្រុមតាលីបង់ឡើយ។
ការពិតមួយដែលគេត្រូវទទួលស្គាល់ នោះគឺអាហ្វហ្កានីស្ថានបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ ប្រមុខការទូតអឺរ៉ុប លោក ចូសែប បូរែល (Josep Borrell) បាននិយាយថាសហភាពអឺរ៉ុបមិនមានផែនការទទួលស្គាល់តាលីបង់ភ្លាមៗនោះទេ តែអាចនឹងជួបចរចាជាមួយក្រុមតាលីបង់នៅក្នុងករណីចំាបាច់។ «ក្រុមតាលីបង់បានឈ្នះនៅក្នុងសង្រ្គាម, ដូច្នេះយើងនឹងត្រូវជជែកជាមួយនឹងពួកគេ…វាមិនមែនសំខាន់លើការទទួលស្គាល់ជាផ្លូវការទេ តែអ្វីដែលសំខាន់គឺបញ្ហាដែល ត្រូវដោះស្រាយ»។ នេះជាការលើកឡើងរបស់លោក Josep Borrel នៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយកាលពីសប្ដាហ៍មុន។

ការទទួលស្គាល់ក្រុមតាលីបង់មិនមែនជារឿងដែលមិនអាចទៅរួចនោះទេ តែអំណេះតទៅវាអា្រស័យទៅលើក្រុមតាលីបង់ខ្លួនឯងថាតើអាចគោរពតាមពាក្យសន្យារបស់ខ្លួន ដែរ ឬក៏យ៉ាងណា ខណៈទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុទ្ធតែកំពុងរង់ចាំមើលពីទង្វើប្រព្រឹត្តជាក់ស្ដែង ជាជាងការនិយាយឱ្យរួចតែពីមាត់ មុននឹងធ្វើការសម្រេចចិត្តណាមួយ។

បើតាមក្រុមអ្នកជំនាញ មានហេតុផលមួយចំនួន ទោះចង់ ឬមិនចង់ ក៏សហរដ្ឋអាមេរិក ឬបណ្ដាប្រទេសលោកខាងលិចប្រហែលជានឹងត្រូវការសហការជាមួយក្រុមតាលីបង់ ហើយហេតុផលសំខាន់ជាងគេ នោះគឺត្រូវការក្រុមតាលីបង់ ដើម្បីទប់ស្កាត់កុំឱ្យពួកភេរវករប្រើប្រាស់អាហ្វហ្កានីស្ថានជាមូលដ្ឋាន ធ្វើសកម្មភាពវាយប្រហារភេរវកម្មប្រឆាំង នឹងពួកគេ ដូចដែលធ្លាប់បានកើតឡើងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ កាសែត Washington Post កាលពីថ្ងៃ២០ ខែសីហានេះបានឱ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William J. Burns បានជួបពិភាក្សាជាសំងាត់ជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) ក្នុងទីក្រុងកាប៊ុល ហើយកាលពីពេលថ្មីៗនេះ យោធាអាមេរិក និងក្រុមមន្ត្រីតាលីបង់ថែមទាំងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកទៀតផង ជុំវិញការគំរា កំហែង វាយប្រហារភេរវកម្ម បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS នៅឯអាកាសយានដ្ឋានកាប៊ុលផ្ដាច់ជីវិតទាហានអាមេរិក ១៣នាក់។

ពិតមែនទៅ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់កាលពីឆ្នាំ២០២០ ព្រមទាំងការអនុញ្ញាត ឱ្យក្រុមតាលីបង់បង្កើតការិយាល័យតំណាងនៅក្នុងទីក្រុង ដូហា ប្រទេសកាតា វាហាក់ដូចជាការបោះជំហានមួយទទួលស្គាល់ថាតាលីបង់ជាតួអង្គដ៏សំខាន់មួយនៅ អាហ្វហ្កានីស្ថានរួចស្រេចទៅហើយ។ តែទាស់នៅត្រង់ថាសហរដ្ឋអាមេរិកបច្ចុប្បន្ន ក្រោមរដ្ឋបាលលោក ចូ បៃដិន និងបណ្ដាប្រទេសលោកខាងលិច ខ្លាចបាត់បង់តម្លៃនៃភាព ជាមេដឹកនាំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ខ្លួន នៅពេលប្រកាសទទួលស្គាល់តាលីបង់ភ្លាមៗតែប៉ុណ្ណោះ ដោយពួកគេចង់រង់ចំាមើលសិនថាតើតាលីបង់ឥលូវ និងពីមុនដូចគ្នា ឬក៏ខុសគ្នា។

*កន្លែងទំនេរសម្រាប់ចិននៅអាហ្វហ្កានីស្ថាន

នៅពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល ហើយបណ្ដាប្រទេសលោកខាងលិចនាំគ្នាបិទស្ថានទូតរបស់ពួកគេប្រចាំទីក្រុងកាប៊ុល រុស្ស៊ី, ប៉ាគីស្ថាន, ចិន និងអ៉ីរ៉ង់ នៅតែបន្តបើកស្ថានទូតដដែល។ នៅក្នុងចំណោមប្រទេសទាំងនេះ ជាពិសេសគឺចិន ត្រូវបានគេមើលឃើញថាអាចនឹងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ដោយ រំពឹងថាអាចនឹងបញ្ចុះបញ្ចូលឱ្យតាលីបង់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមផ្ដាច់ខ្លួននៅក្នុងតំបន់ស៊ីនជាំង ព្រមទាំងពង្រីកឥទ្ធិពលរបស់ខ្លួននៅអាហ្វហ្កានីស្ថាន និងនៅតំបន់មជ្ឈិមបូព៌ាទាំងមូល ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិក។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបប្រជុំជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) នៅឯទីក្រុង Tianjin ជាទីដែលតាលីបង់សន្យាថានឹងមិនអនុញ្ញាតឱ្យក្រុមណាមួយប្រើប្រាស់អាហ្វហ្កានីស្ថាន ជាមូលដ្ឋានវាយប្រហារប្រឆាំងនឹងចិននោះទេ។ ជាការឆ្លើយតប លោក វ៉ាង យី ក៏បានសន្យាដែរថាចិននឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន ហើយថាតាលីបង់មានតួនាទីយ៉ាងខ្លាំងក្នុងការកសាងប្រទេសឡើងវិញ។

សូមបញ្ជាក់ ៖ បើតាមក្រុមអ្នកជំនាញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែជាការប្ដូរយុទ្ធសាស្ត្រងាកមក ផ្ដោតលើការខ្ទប់ឥទ្ធិពលចិនក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ តែវាក៏ជាប្រយោជន៍នយោបាយនៅក្នុងស្រុកដែរ គឺផ្គាប់ចិត្តប្រជាជនអាមេរិកភាគច្រើនដែលគាំទ្រឱ្យអាមេរិក បញ្ចប់សង្គ្រាមនេះ។ តែវាមិនមែនមានន័យថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុខចិត្តបោះបង់អាហ្វហ្កានីស្ថានឱ្យចិន ឬរុស្ស៊ីនោះទេ ដូច្នេះប្រសិនបើ ចិនពង្រីកឥទ្ធិពលនៅអាហ្វហ្កានីស្ថានមែន នោះវាអាចនឹងបង្ខំឱ្យអាមេរិកលូកដៃជាថ្មីនៅអាហ្វហ្កានីស្ថានក៏ថាបាន ពីព្រោះថាសម្រាប់សហរដ្ឋអាមេរិកសព្វថ្ងៃឥទ្ធិពលចិន នៅទីណា គឺអាមេរិកត្រូវទៅដល់ទៅទីនោះដែរ។

មួយវិញទៀត សហរដ្ឋអាមេរិក ឬលោកខាងលិច ប្រហែលជានឹងមិនផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយអាហ្វហ្កានីស្ថានទេ ដ្បិតការធ្វើបែបនេះក៏នឹងធ្វើឱ្យពួកគេអស់ឥទ្ធិពល ទាំងស្រុងដូចគ្នានៅអាហ្វហ្កានីស្ថានដោយមិនអាចបង្ខំ ឬមានទឹកមាត់ប្រៃនិយាយជាមួយតាលីបង់ឱ្យគោរពសិទ្ធិមនុស្ស, សិទ្ធិស្ត្រី ឬក៏ចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយ ពួកភេរវករនោះដែរ។ និយាយងាយស្ដាប់ ទទួលស្គាល់ ឬមិនទទួលស្គាល់ក្រុមតាលីបង់ ត្រូវមើលសិនថាតើវា «មានផលប្រយោជន៍ដល់ពួកគេ» ដែរ ឬក៏យ៉ាងណា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *