ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ យកទ្រព្យសម្បត្តិសម្ភារៈអ្នកដ៏ទៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!
ចេញផ្សាយ:ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអាទិត្យ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីព្រឹក ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ.និងលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា កាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង២០និង៤០នាទីយប់ ខ្លួនកំពុងជិះម៉ូតូពីរនាក់គូរដណ្ដឹងតាមផ្លូវអេហ្វផ្លាស់ មកបុរីហ្គោដឡាក់ រួចបត់ស្ដាំបានប្រហែល៣០ម៉ែត្រ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមានគ្នា២នាក់(មនុស្សប្រុស) ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ បានជិះមកឆក់កាបូបលុយ(កាបូបស្ពាយចំហៀង) ស្ថិតក្នុងភូមិ ក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជិះម៉ូតូគេចយ៉ាងលឿន។
នៅក្នុងកាបូបមាន ៖ ប្រាក់បាតចំនួន៣០០០B(បីពាន់បាត) ប្រាក់រៀល ចំនួន៥០០០០៛(ប្រាំម៉ឺនរៀល) អត្តសញ្ញាណប័ណ្ណចំនួន១, កាតចាក់ថ្នាំកូវីដ១៩ ចំនួន១សន្លឹក,ទូរស័ព្ទដៃម៉ាក អាយហ្វូន៨ ផ្លាស់ ពណ៍ស ចំនួន១គ្រឿង,និងសម្ភារៈផ្សេងទៀត។
បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរួចកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងឆែកកាម៉េរ៉ាសុវត្ថិភាព បានកំណត់មុខសញ្ញាជនសង្ស័យ។ លុះនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១វេលាម៉ោង២២និង៣០នាទី កម្លាំងជំនាញបានចុះល្បាតក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត នៅចំនុចសណ្ឋាគារហាក់ហួត១ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃើញមុខសញ្ញាដូចក្នុងកាំម៉ែរ៉ាសុវត្ថិភាពហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងបានដកហូតម៉ូតូដែលជិះធ្វើសកម្មភាពឆក់ បានមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ផងដែរ យកមកអធិការដ្ឋាន។
ជនសង្ស័យចំនួន២នាក់មានឈ្មោះ សួរ ភាក់ណា ហៅមេឃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងសណ្ឋាគារ ហាក់ហួត ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យចំនួន២នាក់មានឈ្មោះ សួរ ភាក់ណា ហៅមេឃ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូឆក់កាបូបលុយរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយឈ្មោះ និត ភេទប្រុស អាយុ១៧ឆ្នាំ(រត់គេចខ្លួន) និងបានធ្វើសកម្មភាពជិះឆក់យកទ្រព្យសម្បត្តិសម្ភារៈអ្នកដ៏ទៃជាច្រើនលើក។
សូមបញ្ជាក់៖ជនសង្ស័យឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ បានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាពឆក់ យកទ្រព្យសម្បត្តិសម្ភារៈអ្នកដ៏ទៃពិតមែន។
កម្លាំងជំនាញកំពុងសាកសួរនិងស្រាវជ្រាវ រកវត្ថុតាង ដើម្បីប្រគល់ជូនជនរងគ្រោះវិញកម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជួនតាមនីតិវិធីច្បាប់ ៕ ដោយៈ លោកស្រី គង់ ស្រីញ៉ ជំនួយការ គេហទំព័រ ខេមបូឌាស្តាដេលី