ខេត្តកំពង់ឆ្នាំង៖ នៅរឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានលំហាត់សង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅលើផ្ទៃទឹកដែលពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងមានការចូលរួមពី មេបញ្ជាការរង កងរាជអាវុធហត្ថ ស្នងការរង អភិបាលរងក្រុង និងនាយទាហានរង និងពលទាហាន ប្រមាណជា ៦០ នាក់ រថយន្តយោធា ៧គ្រឿង រថយន្តសង្គ្រោះ ២ គ្រឿង និងកាណូត ១០គ្រឿង ចូលរួមផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឱ្យដឹងថា ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះគ្រោះ មហន្តរាយ ដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើង នៅលើផ្ទៃទឹកនាពេលនេះ គឺដើម្បីពង្រឹងលើសមត្ថភាព កងកម្លាំងសង្គ្រោះ នៅពេលដែល ហេតុការណ៍ណាមួយ កើតឡើងនៅលើផ្ទៃទឹក។
ឯកឧត្តម មេបញ្ជាការ បានឱ្យដឹងទៀតថា នេះគឺជាលើកទីមួយហើយ ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកយុទ្ធនាការសង្គ្រោះបន្ទាន់ ធ្វើយ៉ាងណា ឱ្យបានរហ័ស ទាន់ពេលវេលា ក្នុងគ្រាទូកកាណូត ដែលយើងទទួលបានពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន ដើម្បីការងារសង្គម និងការងារជួយសង្គ្រោះបន្ទាន់ នូវគ្រោះធម្មជាតិផ្សេងៗ កើតឡើងជាយថាហេតុ ។
នៅបញ្ចប់ពិធីយុទ្ធវិធីសង្គ្រោះបន្ទាន់ នៅលើផ្ទៃទឹកនេះ ឯកឧត្តម មេបញ្ជាការ ក៏ដូចជាភ្ញៀវកិត្តយស បានថ្លែងនូវការកោតសរសើរដល់កងកម្លាំង ទាំងអស់ ដែលអនុវត្តបានតាមខ្លឹមសារមេរៀន ដែលបានសិក្សានៅឆ្នាំនេះ៕