សហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជាបានប្រកាសជូនដំណឹងពីការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគូសបញ្ជាក់ថា ការប្រកួតនេះនឹងត្រូវបានចែកចេញជា២វ័យ គឺយុវជនអាយុ១៣ឆ្នាំដល់១៨ឆ្នាំ និងពេញវ័យ ដោយមាន២៩វិញ្ញាសា។ ផ្នែកទី១ សម្រាប់យុវជន មានវិញ្ញាសាមេគុនឯកត្តជន (២វិញ្ញាសា), ប្រយុទ្ធបុរស-នារី ៦ប្រភេទទម្ងន់។
ផ្នែកទី២ សម្រាប់កីឡាករ កីឡាការិនីពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងលើ មានមេគុនសម្រាប់ក្លឹប ៤វិញ្ញាសាលើកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, មេគុនសម្រាប់ក្រុមជម្រើសជាតិ មាន៤វិញ្ញាសា ក្នុងកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, វិញ្ញាសាប្រយុទ្ធសម្រាប់ក្លឹប មាន៨វិញ្ញាសា សម្រាប់បុរស-នារី និងវិញ្ញាប្រយុទ្ធសម្រាប់ជម្រើសជាតិ បុរស-នារី មាន៥វិញ្ញាសា។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ទៀតថា ចំពោះសមាគម និងក្លឹបមានសិទ្ធិដាក់ពាក្យចូលរួមប្រកួតនូវចំនួនកីឡាករ កីឡាការិនីចំនួន១៨នាក់យ៉ាងច្រើន ក្នុង១សមាគម ឬក្លឹប ខណៈកីឡាករ ឬកីឡាការិនីម្នាក់ៗអាចចូលរួមប្រកួតបានច្រើនបំផុត ត្រឹម២វិញ្ញាសាប៉ុណ្ណោះ។
ចំពោះការកំណត់បច្ចេកទេស គឺលើវិញ្ញាសាប្រយុទ្ធ គឺការប្រកួតឯកត្តជន មួយប្រកួតមាន២ទឹក ហើយក្នុង១ទឹកៗ មាន២នាទី ហើយគ្រប់ការប្រកួតទាំងអស់ ក្នុងករណីស្មើគ្នា ត្រូវបន្ថែម១ទឹកទៀត មាន១នាទី ហើយប្រសិននៅតែស្មើគ្នាទៀត គឺត្រូវប្រកួតយកពិន្ទុមាស ដោយអ្នកទាត់ ឬវាយចូលមុន ជាអ្នកឈ្នះការប្រកួតែម្តង ដោយមិនកំណត់ពេលវេលាឡើយ សម្រាប់ការប្រកួតយកពិន្ទុមាស។
គួរបញ្ជាក់ថា សម្រាប់ការទទួលចុះឈ្មោះចូលរួមប្រកួតរបស់សមាគម និងក្លឹបនឹងត្រូវបិទបញ្ចប់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ផ្សាយដោយ៖ កន ចំណាន, អត្ថបទ៖ ហេង ណាលីន (រូបភាព៖ សហព័ន្ធ ITF)