ជនជាតិថៃប្រុស-ស្រី៦នាក់បម្រុងលួចឆ្លងដែនចូលកម្ពុជា ពលករខ្មែរប្រុស-ស្រី១៤នាក់បន្តលួចឆ្លងដែនចូលប្រទេសថៃត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន !!!

ជនជាតិថៃប្រុស-ស្រី៦នាក់បម្រុងលួចឆ្លងដែនចូលកម្ពុជា
ពលករខ្មែរប្រុស-ស្រី១៤នាក់បន្តលួចឆ្លងដែនចូលប្រទេសថៃត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន !!!

ចេញផ្សាយ:ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ទាហានថៃស្រុកតាប្រាយ៉ាក្នុងថ្ងៃតែមួយ បានចាប់ឃាត់ពលករខ្មែរប្រុស-ស្រីចំនួន១៤នាក់លួចឆ្លងដែនចូលប្រទេសថៃ ២គោលដៅដោយឡែកផ្សេងគ្នា ដោយម្នាក់ៗចំណាយលុយអស់ចំនួន៦,០០០បាត(ប្រាំមួយពាន់បាត) ។ទន្ទឹមនោះដែរទាហានចាប់ឃាត់ជនជាតិថៃប្រុស-ស្រី៦នាក់ បម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត។ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី២៩ខែសីហាឆ្នាំ២០២១នេះ នៅបរិវេណភូមិលូកឆាង ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានសួរនាំ ពលករខ្មែរទាំងអស់បានប្រាប់ថា៖ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា នឹងប្រមូលផ្ដុំគ្នា នៅភូមិមួយក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជនជាតិខ្មែរ នាំដើរកាត់តាមច្រករបៀង នឹងដើរកាត់ទៅតាមផ្លូវដីកសិកម្ម ដើម្បីមកឡើងរថយន្តនៅបរិវេណថ្នល់ភូមិណាងង៉ាម ឃុំតាបា្រយ៉ា តែត្រូវសមត្ថកិច្ចថៃចាប់ខ្លួនមុន ដោយអ្នកទាំងអស់មានបំណងទៅធ្វើការនៅក្នុងប្រទេសថៃ ក្នុងនោះបានចំណាយលុយក្នុងការធ្វើដំណើរក្នុងម្នាក់៦,០០០បាត(ប្រាំមួយពាន់ បាត)។ក្រោយមក សមត្ថកិច្ចបាននាំខ្លួនពលករទាំងអស់ទៅសួរចម្លើយ នឹងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ។

នៅថ្ងៃដដែលនោះផងដែរ វេលាម៉ោង០២និង១៥នាទីរសៀលកម្លាំងទាហានប្រចាំការស្រុកតាប្រាយ៉ា សហការជាមួយកងកម្លាំងបូរផា បានប្រទះឃើញរថយន្តសង្ស័យ១គ្រឿង បើកចូលមកក្នុងភូមិសាស្រ្តខ្លួនទទួលខុសត្រូវ ទើបសមត្ថកិច្ចឃាត់ឲ្យឈប់ និងត្រួតពិនិត្យរថយន្តម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខก-1195 ស្រះកែវ។ នៅពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្ត ឃើញមានជនជាតិថៃ ចំនួន៦នាក់ ក្នុងនោះប្រុស២ នឹងស្រី៤នាក់ ដោយពួកគេបានសាររភាពថា ពួកគេមានបំណងលួចឆ្លងដែនទៅប្រទេសកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។

សូមបញ្ជាក់៖ការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូអនឡាញ ជាអ្នកចំណាយទាំងអស់ ដោយឡែកអ្នកនាំផ្លូវបានទទួលថ្លៃឈ្នួលក្នុងម្នាក់៥០០បាត សរុប២,៥០០បាត ក្នុងការនាំជនជាតិថៃខាងលើទៅឯព្រំដែនក្នុងបរិវេណថ្នល់ស្រីពេញ តែក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ទើបសមត្ថកិច្ចថៃបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការបន្ត ៕
ដោយៈ លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *