ពិតជាខ្លាំងមែន ! ក្រុមហ៊ុនទទួលបញ្ញើឥវ៉ាន់ វីរៈប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បិទខ្ទប់បានរយៈពេល៣ថ្ងៃ ឃើញបើកវិញដដែលក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យជួរមុខ រកឃើញបុគ្គលិកមានវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ !!!
ចេញផ្សាយ៖ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ ក្រុមហ៊ុនទទួលបញ្ញើឥវ៉ាន់ វីរៈប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បន្ទាប់ពីអាជ្ញាធរយកបុគ្គលិក៣១នាក់ ទៅពិនិត្យសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលទ្ធផល មានវិជ្ជមាន ៧ នាក់ និង ៣ នាក់ ផ្សេងទៀត មានវិជ្ជមានកូវីដ បម្លែងថ្មី (ដែលតា) ចំណែកអ្នកជាប់ពាក់ព័ន្ធត្រូវបានធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាព ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ ក្រោយពីអាជ្ញាធរគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ចុះហ៊ុំព័ទ្ធបិទខ្ទប់ទីតាំងក្រុមហ៊ុនទទួលបញ្ញើឥវ៉ាន់ វីរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បានរយៈពេល៣ថ្ងៃ បន្ទាប់មកឃើញថា ក្រុមហ៊ុនខាងលើ បាននាំយកអំណោយរួមនឹងថវិកាចំនួន ១០ លានរៀល ជូនដល់អាជ្ញាធរក្រុងប៉ោយប៉ែត រួចមកឃើញថា ក្រុមហ៊ុនខាងលើ បានបើកដំណើរការវិញដដែល ដោយហ៊ានល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានចេញសេចក្តីប្រកាសណែនាំថា បើទីតាំងណាមួយមានអ្នកឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរនិងគណៈបញ្ជាការឯកភាពមូលដ្ឋាននោះ ត្រូវចុះអនុវត្តបិទខ្ទប់ទីតាំងនោះរយ:ពេល១៤ថ្ងៃ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ អោយប្រាកដថា មេរោគនោះត្រូវបានស្ងប់ស្ងាត់គ្មានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បន្តទៀត ទើបទីតាំងនោះអាចដំណើរការឡើងវិញបាន។ យោងតាមប្រភពរិះគន់ពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានលើកឡើងថា តើច្បាប់បម្រាមបិទខ្ទប់ របស់រាជរដ្ឋាភិបាល ដាក់អោយមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមអនុវត្តគឺជាអ្វី? ទើបបានជាអាជ្ញាធរខេត្ត និង អាជ្ញាធរក្រុងប៉ោយប៉ែត បណ្តែតបណ្ដោយឱ្យក្រុមហ៊ុនទទួលបញ្ញើរឥវ៉ាន់ វីរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញបាន មិនទាន់គ្រប់១៤ថ្ងៃនៃការបិទខ្ទប់ផង ឬមួយដូចពាក្យស្លោកថា (កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង) ចំណែកទីតាំងនានា ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ឃើញមានការបិទខ្ទប់យ៉ាងតឹងរឹងរយៈពេល១៤ថ្ងៃ ដល់ទៅ២០ថ្ងៃ។
សូមបញ្ជាក់ផងដែរថា៖ កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សារព័ត៌មាន គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ បានខលទៅលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធករណីក្រុមហ៊ុនទទួលបញ្ញើ វីរៈ ប៊ុនថាំ ដែលកំពុងបើកដំណើរការឡើងវិញសារជាថ្មី បានខលទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចូលចំនួនពីរដង តែគ្មានអ្នកលើក តែអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានបង្ហោះថា ក្រុមហ៊ុនបើកដំណើរការឡើងវិញបាន ព្រោះខាងក្រុមហ៊ុនបានយកបុគ្គលិកថ្មីមកធ្វើការជំនួសទាំងអស់ ចំណែកបុគ្គលិកចាស់ដែលជាប់ពាក់ព័ន្ធកំពុងសម្រាកព្យាបាល និង កំពុងធ្វើ ចត្តាឡីស័ក នៅមណ្ឌលសុខភាពប៉ោយប៉ែតនៅឡើយទេ។
បញ្ជាក់ ៖ ទីតាំងនេះត្រូវបានក្រុមគ្រូពេទ្យជំនាញ បាញ់ថ្នាំ សម្អាត សម្លាប់មេរោគ រួចរាល់ផងដែរ ហើយការបើកឡើងវិញនេះ គឺខាងក្រុមហ៊ុនបានស្នើសុំទៅដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួចហើយទើបខាងក្រុមហ៊ុននេះអាចបើកដំណើរការជាធម្មតាវិញបាននាពេលនេះ។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងន័យស្ថាបនាមិនបានបង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គលណាមួយឡើយ ព្រោះកន្លងទៅសម្ដេចតេជោបានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថាអ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង រឿងអាក្រក់ និង រឿងល្អ ក្នុងសង្គម ហើយអ្នកសារព័ត៌មានជាព្រាបនាំសារជូនដល់រាជរដ្ឋាភិបាល និងជាអ្នករួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ សូមមន្ត្រីថ្នាក់ក្រោមកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូផងទាន ៕
លោកអគ្គនាយក ចាងហ្វាងការផ្សាយ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍(www.cambodiastardailynews.com) ទំនាក់ទំនងលេខៈ 092 91 77 08 /097 56 56 393
សេចក្តីជូនដំណឹងៈ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell. (092 91 77 08 /097 56 56 393) ដែលមានទីតាំងស្នាក់ការ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕