ខេត្តកំពង់ចាម ៖ ក្នុងថ្ងៃទី១នៃពិធីប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិនៅខេត្តកំពង់ចាម មានភ្ញៀវទេសចរចូលរួម កម្សាន្តសប្បាយជាង១៥ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៥៧,២៧៥នាក់ និងភ្ញៀវបរទេសចំនួន ១៩០នាក់ ក្នុងនោះ ភ្ញៀវទេសចរដែលមកទស្សនាពិធីប្រណាំងទូកសរុបមានចំនួន ៣១,២៤៨នាក់ ភ្ញៀវជាតិចំនួន ៣១,២០០នាក់ និងភ្ញៀវបរទេសចំនួន ៤៨នាក់។
ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅតាមរមណីយដ្ឋាននានា សរុបមានចំនួន ៣,១៣០នាក់ ។ ឯភ្ញៀវទេសចរដែលមកទស្សនាពិធីតាំងពិព័រណ៌ សរុបមានចំនួន ១២៣,០៨៧នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១២២,៩៤៥នាក់ និងភ្ញៀវបរទេសចំនួន ១៤២នាក់ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូក ង នៅក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ គឺចំពិធីបុណ្យចេញវស្សា តាមបវេណីព្រះពុទ្ធសាសនា ដើម្បីបង្កភាពសប្បាយរីករាយ ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។ ក្នុងនោះ ក៏មានរៀបចំព្រឹត្តិការណ៍តាំង ពិព័រណ៍ផលិតផលរបស់ខេត្តកំពង់ចាមជាច្រើនស្តង់ ដែលមានទីតាំងនៅជាប់មាត់ទន្លេនៃខេត្តកំពង់ចាម ហើយនៅពេលយប់ថ្ងៃទី២៩ ខែតុលា ក៏មានរៀបចំពិធីបណ្ដែតប្រទីប ដើម្បីបង្កបរិយាកាសឱ្យកាន់តែ សប្បាយរីករាយ និងជាការរៀបចំឱ្យប្រជាពលរដ្ឋបានចូលរួមបណ្តែតប្រទីបទាំងអស់គ្នា ដើម្បីផ្សងសុំ សេចក្តីសុខ សេចក្តីចម្រើន ៕អត្ថបទ៖ ស៊ឹង សុផារី ផ្សាយដោយ៖ ធូ កុសល