ខេត្តសៀមរាប ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅមន្ទីរព័ត៌មានខេត្ត ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាម ច្បាប់ស្តីពីរបបសារព័ត៌មាន គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ទៀតថា ការសរសេរ និងការរាយការណ៍ព័ត៌មាន ត្រូវពឹងផ្អែកទៅលើគោលការចំនួន ៦ចំណុច ដែលជាមូលដ្ឋានគ្រឹះសំរាប់ការស្វែងរកអោយឃើញនូវមូលហេតុនៃដំណើររឿង។ ជាពិសេសទៀតនោះជាឫសគល់នៃការយកមកបង្ហាញអោយអស់នូវដើមចមនៃហេតុការមួយដែលត្រូវបានកើតឡើងឱ្យគ្រប់ជ្រុងជ្រោយ។ ហើយគោលការណ៍ ៦ចំណុចរួមមាន៖ តើនរណា តើមានអ្វីដែលកើតឡើង តើហេតុការនោះបានកើតឡើងនៅពេលណា នៅឯណា មូលហេតុ និងតើកើតឡើងបានដោយរបៀបណា?។ ឯកឧត្តមបន្តថា ក្នុងន័យជំរុញ និងណែនាំដល់អ្នកសរសេរព័ត៌មានដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទ នៃការវិវត្តន៍បច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះដោយសារ តែល្បឿននៃការបញ្ជូនព័ត៌មានបានលឿននិងទាន់ហេតុការនៅតាមប្រព័ន្ធអ៊ីនធើណែតនិងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេល បច្ចប្បន្នក៏ដូចជាវិសាលភាពនៃការរីកចំរើនរបស់ សារព័ត៌មានអ៊ីនធើណែតកាន់តែមានភាពធំឡើងៗដែលអាស្រ័យទៅដោយឧបករណ៍ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ស្ថិតក្នុងយុគសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានផងដែរ។ កត្តាទាំងពីរ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកស្ដាប់ អ្នកអាន និងអ្នកមើល ព្រោះថាបើព័ត៌មានដែលផ្សាយទៅមានខ្លឹមសារវិជ្ជមាននោះ សង្គមជាតិមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែបើព័ត៌មានដែលផ្សាយចេញនោះធ្វើឱ្យអ្នកទទួលពិបាក និងធ្វើឱ្យប៉ះពាល់សង្គមជាតិថែមទៀតផង។ ក្នុងន័យនេះ មុននឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានណាមួយ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តឱ្យស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ជៀសវាងមានផលប៉ះពាល់ណាមួយដល់សង្គម ដូចសម្ដេចតេជោ បានផ្ដល់ពាក្យស្លោកជូនអ្នកសារព័ត៌មាន «កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន។ ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជនក្នុងវិស័យព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានមួយចំនួនធំ ដែលបានយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ ក្នុងការចុះយកព័ត៌មាន ផលិតព័ត៌មាន ពីព្រឹត្តិការណ៍នានា ដែលកើតមាននៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
បើតាមលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថា ពិធីជួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្រោមការសហការគាំទ្រពីក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប ស្របតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយបានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឃធនធានសមត្ថភាព តួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បី បង្កើនប្រសិទ្ឋភាពការងារ បង្កើនភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម៕អត្ថបទ និងរូបភាព៖ លោក យូ វង្ស កែសម្រួល៖ លោក អ៊ុន ណារាជ្យ