អន្តរជាតិ ៖ បេសកជនពិសេសរបស់ចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក ហ្សៃ ជុន បាននិយាយកាលពីថ្ងៃចន្ទថា លោកមានបំណងទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីពិភាក្សាអំពីការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់សម្តីរបស់លោក ហ្សៃ ជុន ដែលបាននិយាយថា «កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសកាតា និងអេហ្ស៊ីប ហើយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិនៅទីក្រុងគែរ។ បន្ទាប់មកទៀត ខ្ញុំក៏នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ឱ្យមានបទឈប់បាញ់គ្នា បញ្ចប់អំពើហិង្សា និងបន្ធូរបន្ថយស្ថានការណ៍»។
កាលពីចុងសប្តាហ៍មុន លោក ហ្សៃ បានចូលរួមកិច្ចប្រជុំកំពូលទីក្រុងគែរ ដើម្បីសន្តិភាព ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីនៃប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីរដ្ឋចំនួនជាង៣០ ដែលរួមមានទាំងប្រទេសចិន និងអង្គការអន្តរជាតិមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំកំពូលនោះ មន្ត្រីចិនបានជំរុញឱ្យអង្គការសហប្រជាជាតិរៀបចំ «សន្និសីទអន្តរជាតិដ៏មានឥទ្ធិពលបន្ថែមទៀតសម្រាប់សន្តិភាពក្នុងទ្រង់ទ្រាយធំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសម្តែងឱ្យបាននូវភាពប្រាកដប្រជាសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលមានន័យថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យអាចជាផ្លូវចេញពីជម្លោះ។ ប្រេសិតពិសេសរបស់ចិនប្រចាំតំបន់មជ្ឈិមបូព៌ា លោក ហ្សៃ ជុន បានសង្កត់ធ្ងន់ថា ប្រទេសចិនព្រួយបារម្ភអំពីលទ្ធភាពនៃការកើនឡើងបន្ថែមទៀតនៃជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល ហើយជំរុញឱ្យភាគីទាំងពីរឈប់បាញ់គ្នា។
លោក ហ្សៃ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលទីក្រុងគែរដើម្បីសន្តិភាពថា «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការកើនឡើងបន្ថែមទៀតនៃជម្លោះ»។
លោកក៏បាននិយាយផងដែរថា ស្ថានភាពបច្ចុប្បន្ននៅប៉ាឡេស្ទីននៅតែមានសភាពធ្ងន់ធ្ងរ ដោយសារជម្លោះបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងរងរបួស៕ (ប្រភព៖ ស្ពុតនីក បកប្រែដោយ៖ យា ចិន្តាខន្តី), ផ្សាយដោយ៖ កន ចំណាន