ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងក្នុងពិធីចែកអំណោយមនុស្សធ៌មរបស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រសៀលថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា «គិតមកដល់ម៉ោងនេះ យើងអាចនិយាយបានថា ទឹកបានស្រកអស់ពីស្តុកទៅហើយ ហើយកងកម្លាំងសរុប នៃគណៈបញ្ជាការឯកភាព បានរំដោះរោងចក្រចំនួន៣ ក្នុងចំណោមរោងចក្រ១០កន្លែងស្ថិតក្នុងតំបន់ទឹកលិច »។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះស្ថានភាពទឹកគិតក្នុងម៉ោងនេះ យើងបានសហការជាមួយក្រសួងធនធានទឹក រដ្ឋបាលខេត្តតាកែវ ហើយមានការស្ម័គ្រចិត្តពីផ្ទះប្រជាពលរដ្ឋមួយចំនួន ឱ្យយើងបានទម្លាយមុខទឹកទម្លាក់ទៅខាងខេត្តតាកែវ បានដោយរលូន ។ យើងមានការសហការដ៏សស្រាក់ សស្រាំ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលមានដីរបស់គាត់ជាប់ផ្លូវ ឱ្យកាយទម្លាយមុខទឹករហូតស្រកជិតអស់ហើយ ។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បន្តថា «បើទោះបីជាមានភ្លៀងទៀត ខ្ញុំគិតថា មិនមានផលលំបាកអីធ្ងន់ធ្ងរជាងហ្នឹងទេ »។ បើទោះជាបែបនេះក្តី ខ្ញុំសូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគាត់រកទទួលទាន ឬក៏សេវាដឹកជញ្ជូនធុនធ្ងន់ សូមមេត្តាជួយផ្អាកឱ្យបានមួយថ្ងៃ ឬពីរថ្ងៃទៀត ចាំធ្វើចរាចរណ៍បន្ត ពីព្រោះនៅពេលនេះទឹកមិនហូរកាត់ផ្លូវមែន ក៏ប៉ុន្ដែផ្លូវនៅទន់ជ្រាយនៅឡើយ ។ បងប្អូនយើងអាចធ្វើដំណើរបានតែទៅលើ មធ្យោបាយធុនតូចៗតែប៉ុណ្ណោះ ឬរថយន្តដឹកលក្ខណៈគ្រួសារ ឬដឹកទំនិញលក្ខណៈគ្រួសារទេ គឺសុំឱ្យគាត់ធ្វើការរកផ្លូវវាងបណ្តោះអាសន្នសិន ៕ដោយលឹម សាន្ត, ផ្សាយដោយ៖ កន ចំណាន