ខេត្តសៀមរាប ៖ វត្តល្អក់ ឬអារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទីអារាមមួយនេះ មានព្រះវិហារចំណាស់មួយដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងអំឡុង គ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង។ នេះបើយោងតាមអក្សរចារឹកនៅ លើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការសព្វថ្ងៃ។
ព្រះវិហារបុរាណនេះ ជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅការតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមាន សសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់ អំពីឥដ្ឋ។ ដំបូលព្រះវិហារ មានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វា ចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានឆ្នៃឆ្លាក់ជារូបមុខមនុស្ស។
ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើត មានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់ នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។
បច្ចុប្បន្ន ព្រះវិហារកំពុងធ្វើការជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃ ដែល ជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជន យើងឱ្យនៅគង់វង្សជាបន្តទៅទៀត៕ដោយ ៖ ឃុត សៅ