ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ ៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដោយសេចក្ដីសាទរថា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជាបុគ្គលគន្លឹះដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដឹកនាំគណៈប្រតិភូក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនេះដែរ ខាងភាគីវៀតណាម បន្ទាប់ពីពាក្យពេចន៍ថ្លែងអំណរគុណ ចំពោះការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងនាំមកនូវការផ្ដាំផ្ញើពាក្យពេចន៍ជូនពរប្រកបដោយអត្ថន័យពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា, ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានសម្ដែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងការរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងស្មារតីគាំទ្រផងដែរនោះ ឯកឧត្ដម លឿង តាមក្វាង បានសម្ដែងការអបអរសាទរ និងថ្លែងសព្វសាធុការពរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានរដ្ឋសភាពបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណ និងជូនពរ គណៈប្រតិភូក្រសួងនគរបាលវៀតណាម សូមសម្រេចបានជោគជ័យក្នុងបេសកកម្មបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៣ ។ ទន្ទឹមនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលបានផ្ញើសារគាំទ្រ អបអរសាទរ និងជូនពរក្នុងឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ចូលកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕