កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចារឆ្ពោះទៅរកសន្តិភាព ក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាង កងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ !!!

កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចាប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌ នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវ សេចក្តីសោកស្ដាយជាពន់ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្ដាលឱ្យប្រជាជនស្លូតត្រង់ រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព របស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។

ក្នុងសេចក្តីថ្លែងការណ៍បន្តថា ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជាសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ ការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរក មធ្យោបាយនានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តោតអាទិភាព លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ កម្ពុជា សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម។ ទន្ទឹមនេះ កម្ពុជា ទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ច សន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និង ស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ កម្ពុជា សង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ដោតអាទិភាពចម្បងលើការស្វែងរកសន្តិភាព យុត្តិធម៌ និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមធ្វើការ ជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីដែលធានាបាននូវសុខមាលភាព និងសុវត្ថិភាព សម្រាប់គ្រប់គ្នា។

គួរបញ្ជាក់ដែរថា នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ ៤៥០ នាក់ ហើយ ក្រសួងការបរទេសកម្ពុជាសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយគ្រួសារសពជនរងគ្រោះ៕អត្ថបទដោយ៖ ជឹម ណារី, ផ្សាយដោយ៖ ប៉ោ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *