ខេត្តសៀមរាប ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យដំណើរការរៀបចំទទួលភ្ញៀវទេសចររបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីពង្រឹងសក្តានុពលរបស់អាកាសយានដ្ឋាន និងត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់ ប្រកបដោយបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ ដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់ឯកឧត្តម ជា អូន រដ្ឋលេខាប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រតិភូអមដំណើរ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លោក LU WEI ប្រធានក្រុមប្រឹក្សាអភិបាល AIAI និងមន្រ្តីជំនាញពាក់ព័ន្ធនានា។
បន្ទាប់ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ស្វាគមន៍ សំណេះសំណាល និងបើកកិច្ចប្រជុំរួចមក ឯកឧត្តម ជា អូន រដ្ឋលេខាប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ នៃដំណើររៀបចំប្រពន្ធសុវត្ដិភាព និងរៀបចំបែបបទរដ្ឋបាល។
ឆ្លៀតក្នុងនោះដែរ ឯកឧត្តម នាយកអាកាសយានដ្ឋាន បានរាយការណ៍អំពីស្ថានភាពក្នុងការគ្រប់គ្រងសមត្ថកិច្ចនៅក្នុងអាកាសយានដ្ឋាន ព្រមទាំងមានការធ្វើសេចក្តីរាយការណ៍ស្តីពីការបញ្ចប់គម្រោង និងត្រៀមរៀបចំដាក់ឲ្យដំណើរការអាកាសយានដ្ឋាន ដោយលោក LU WEI ប្រធានក្រុមប្រឹក្សាអភិបាល AIAI។
ក្រោយស្តាប់បទបង្ហាញ ក៏ដូចជារបាយការណ៍រួច គណៈប្រតិភូបានចុះត្រួតពិនិត្យ និងទស្សនកិច្ចផ្ទាល់ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីត្រៀមទទួលយន្តហោះដែលនឹងចុះចតនាពេលដ៏ខ្លីខាងមុខនេះ៕ប្រភព៖ បណ្តាញសង្គមតេឡេក្រាមរដ្ឋបាលខេត្តសៀមរាប ផ្សាយដោយ៖ ធូ កុសល